(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី នៅក្នុងឱកាសចុះទៅពិនិត្យស្ថានភាពទឹកទន្លេសេសាន្ត ស្ថិតនៅស្រុកវើនសៃ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីការប្រែប្រួលអាកាសធាតុ និងកំរិតកម្ពស់ទឹកទន្លេ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹង និងត្រៀមវិធានការការពារ។
បើតាមលោកអភិបាលខេត្តេរតនគិរី ក្នុងរយៈពេលកន្លងមកនេះ បានកត់សម្គាល់ឃើញថា មានភ្លៀងធ្លាក់ជាប់ជាប្រចាំ បានធ្វើឲ្យកម្ពស់ទឹកហក់ឡើង គួរឲ្យព្រួយបារម្ភរហូតដល់កម្ពស់ ជាង៦ម៉ែត្រខណៈកម្រិតប្រកាសអាសន្នគឺ ៨ម៉ែត្រ។
លោកបានសង្កត់ធ្ងន់ថា ក្នុងស្ថានភាពនេះ ត្រូវត្រៀមវិធានការសរុប និងមធ្យោបាយសរុប ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីកើតមាននូវគ្រោះអាសន្នណាមួយ ឲ្យបានទាន់វេលា។ ទន្ទឹមគ្នានេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលស្ថិតនៅតាមដងទន្លេសេសាន្ត មានស្មារតីប្រុងប្រយ័ត្នខ្ពស់ និងត្រូវអនុវត្តឲ្យបាននូវអនាម័យ ក្នុងការរស់នៅជៀសវាងបង្កជំងឺរាតត្បាតផ្សេងៗកើតឡើង៕