(ភ្នំពេញ)៖ លោកអ្នកប្រហែលជាធ្លាប់បានលឺហើយ ពីស្មាតហ្វូនត្រកូល Find របស់ក្រុមហ៊ុន OPPO ដែលបានចេញលក់នៅប៉ុន្មានឆ្នាំមុន ពួកវាពិតជាមានភាពល្បីល្បាញខ្លាំង ដែលក្នុងនោះមានដូចជា OPPO Finder ជាប់ជាស្មាតហ្វូនមានកំរាស់ស្តើងជាងគេ ក្នុងឆ្នាំ២០១២ ក្រោយមកគឺOPPO Find 5 ដែលជាប់ជាស្មាតហ្វូនដំបូងគេ ដែលប្រើប្រាស់នូវអេក្រង់ប្រភេទ1080P ហើយនៅឆ្នាំ២០១៤ ក៏មាន OPPO Find7 ដែលមានប្រើនូវ Skyline notification ហើយក៏ជាម៉ូដែលដំបូង ដែលប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មលឿន VOOC ។
ក្រោយពីរងចាំម៉ូ ដែលត្រកូល Find របស់OPPO អស់រយៈពេល៤ឆ្មាំមកនេះ ទីបំផុតវាបានមកដល់ហើយ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមហ៊ុនស្មាតហ្វូនកំពូលម៉ាក OPPO បានធ្វើការប្រកាសនូវស្មាតហ្វូនកំពូលរបស់ខ្លួន OPPO Find X នៅឯសណ្ឋាគារ The Great Duke Cambodia (អតីតសណ្ឋាគារ Intercontinental)។
យើងសង្កេតឃើញមានការចូលជាកិត្តិយសពីសំណាក់តារាល្បីៗជាច្រើន ដែលមានដូចជា គឺអ្នកនាងពេជ្រ សោភា លោក Step កញ្ញា រ៉េត សូហ្សាណា ដែលអ្នកទាំងបី ជាតារាតំណាងរបស់OPPO លោក ជាវណ្ណរិទ្ធ កញ្ញា ហិន ចន្ទនិរ័ត្ន លោកឆឹម សក្កដា និងស្ថាប័នសារពត៌មានជាច្រើនទៀត។
បច្ចុប្បន្ននេះ បើយើងនិយាយអំពីច្នៃប្រឌិត គឺក្នុងឧស្សាហ៍កម្មស្មាតហ្វូនទាំងមូលកំពុងតែជួបប្រទះនូវបញ្ហានេះ ពោលគឺការបង្កើតថ្មីមានការធ្លាក់ចុះ។ ទោះបីជាយ៉ាងនេះក្តី ក៏OPPOនៅតែអាចធ្វើទៅបាន ដោយក្រុមហ៊ុននេះ បានសង្កត់ធ្ងន់លើបទពិសោធរបស់អ្នកប្រើប្រាស់ និងបច្ចេកវិទ្យាថ្មីៗ និងនៅតែបន្តនាំមុខគេ ក្នុងការស្រាវជ្រាវនូវបច្ចេកវិទ្យាសាកថ្មលឿន បច្ចេកវិទ្យាថតរូប ក៏ដូចជាបច្ចេកវិទ្យា5G, AI, បច្ចេកវិទ្យារូបភាព 3D និងអ្វីៗជាច្រើនទៀត។
ទូរស័ព្ទស្មាតហ្វូន OPPO Find X បានណែនាំនូវអេក្រង់បែប Panoramic ជាមួយនឹងសមាមាត្រ៩៣.៨% ដែលនេះជាកំរិតធំជាងគេដំបូងបង្អស់ ក្នុងឧស្សាហកម្មទូរស័ព្ទ។ OPPO Find X ក៏មានលក្ខណៈពិសេស ដោយបំពាក់នូវបច្ចេកវិទ្យាសាកថ្មលឿន VOOC, 3D Light Structure, បច្ចេកវិទ្យា AI Beauty ទាំងនេះជាបច្ចេកវិទ្យាច្នៃប្រឌិតដែលបង្កើតឡើងដោយ OPPO និងត្រូវបានរចនាឡើង ដើម្បីបំពេញតម្រូវការឲ្យលើសពីការរំពឹងទុករបស់អតិថិជន។
ក្នុងការសម្ពោធOPPO Find X នេះដែរ ក្រុមហ៊ុនក៏បានប្រកាសនូវម៉ូដែល OPPO Find X Automobili Lamborghini Edition ដែលវាត្រូវបានសហការណ៍ ក្នុងការផលិតរវាងក្រុមហ៊ុនOPPO និងក្រុមហ៊ុនរថយន្តស្ព័រដ៏ល្បីគឺ Automobili Lamborghini។ សម្រាប់OPPO Find X Automobili Lamborghini Editionនេះ លក្ខណៈពិសេសរបស់វាគឺស្រដៀងទៅនឹង Find X ធម្មតាដែរ អ្វីដែលខុសគ្នានោះ គឺការឌីហ្សាញ ដែលវាមានបញ្ចូលនូវរចនាបទនៃOPPO និងLamborghini ហើយវាថែមទាំងបានភា្ជប់ជាមួយនូវបច្ចេកវិទ្យាសាកថ្មលឿន Super VOOC ដែលអាចសាកថ្មឲ្យពេញ ក្នុងរយៈពេលតែ៣៥នាទីប៉ុណ្ណោះ។ បន្ថែមលើនេះទៀត គឺអង្គផ្ទុករបស់Find X Lamborghini Edition មានរហូតដល់៥២៦GB។
ចំពោះតម្លៃនៃម៉ូដែលថ្មីនេះ ក្រុមហ៊ុនOPPO គ្រោងនឹងដាក់លក់OPPO Find Xនៅក្នុងទីផ្សារនៃប្រទេសកម្ពុជា នៅថ្ងៃទី៥ខែសីហា ឆ្នាំ២០១៨ក្នុងតម្លៃ ៨៩៩ដុល្លារ ហើយវាមានពីរពណ៌សម្រាប់ជ្រើសរើស គឺ Bordeaux Red (ពណ៌ក្រហម) និងGlacier Blue(ពណ៌ខៀវ) ហើយក្រុមហ៊ុន នឹងបន្ថែមការដូជាស៊ុមរូបថតឌីជីថលដ៏ទាន់សម័យមួយ។ ចំនែកឯOPPO Find X Automobili Lamborghini Edition នឹងមិនមានលក់នៅក្នុងទីផ្សារប្រទេសយើងឡើយ ៕