(កំពង់ចាម)៖ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ និងជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា សម្រាប់មណ្ឌលខេត្តកំពង់ចាម លោក ប៉ាន សូរស័ក្តិ បានសន្យានឹងខិតខំឲ្យអស់ពីលទ្ធភាព ដើម្បីស្វែងរករថយន្តសង្គ្រោះបន្ទាន់ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋស្រុកព្រៃឈរថែមទៀត បើសិនជាគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត បន្តដឹកនាំរាជរដ្ឋាភិបាល នៅក្នុងអាណត្តិទី៦​ខាងមុខ។

ការសន្យារបស់លោកតំណាងរាស្ត្រ បានធ្វើឡើងនាឱកាសចុះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ដើម្បីស្វែងរកសំឡេងឆ្នោត នៅ​ឃុំខ្វិតធំ និងឃុំជ្រៃវៀន នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅព្រឹកទី២០ ខែកក្កដា ឆ្នាំ២០១៨ ក្រោមវត្តមានចូលរួមពីអាជ្ញាធរមូលដ្ឋាន សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋប្រមាណជាង ១,០០០នាក់។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «កន្លងមក ខ្ញុំបានផ្តល់នូវអំណោយរថយន្តសង្គ្រោះបន្ទាន់​០២គ្រឿង ដល់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ដើម្បីទុកដឹកជញ្ជូនបងប្អូន ពេលមានជំងឺធ្ងន់ធ្ងរ ឬគ្រោះអាសន្នផ្សេងៗដោយឥតគិតថ្លៃ​២៤ម៉ោង ក្នុង​១ថ្ងៃ និង​៧ថ្ងៃ ក្នុង​១សប្តាហ៍។ រថយន្តទាំងពីរនេះ អាចជួយសង្គ្រោះអាយុជីវិតបងប្អូន និងជួយសន្សំថវិកាលើការដឹកជញ្ជូន គឺបងប្អូនគ្រាន់តែហៅលេខទូរស័ព្ទ ដែលបិទនៅលើរថយន្តតែប៉ុណ្ណោះ! ហើយខ្ញុំនឹងពិនិត្យលទ្ធភាព ផ្តល់រថយន្តសង្គ្រោះបន្ទាន់ថែមទៀត បើសិនបងប្អូនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បានឈ្នះនៅក្នុងការបោះឆ្នោតជាតិ»

លោក ប៉ាន សូរស័ក្តិ បានជម្រាបជូនប្រជាពលរដ្ឋ និងសមាជិក-សមាជិកាទាំងអស់ អំពីអត្ថន័យ និងសារៈសំខាន់ នៃគោលនយោបាយទាំង​១១ចំណុច របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣។ គោលនយោបាយទាំងអស់នេះ គឺជាចក្ខុវិស័យ និងផែនការសកម្មភាព រយៈពេល​៥ឆ្នាំ ដែលគណបក្ស​ត្រូវអនុវត្តន៍ ដើម្បីលើកកម្ពស់គុណភាពជីវិត និងជីវភាពរស់នៅរបស់ប្រជាជន និងដើម្បីបន្តដឹកនាំ ប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ។

លោកក៏បានថ្លែងនូវសារនយោបាយ របស់ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច​តេជោ ហ៊ុន សែន ដែលមានខ្លឹមសារផ្តោតសំខាន់ទៅលើសមិទ្ធផលចម្បងៗ និងស្នាដៃដឹកនាំរយៈពេល​៣៩ឆ្នាំ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេស ចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម រហូតទទួលបានសុខសន្តិភាព និងវឌ្ឍនភាព ព្រមទាំងកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ។

បន្ថែមលើនេះ លោក ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់សមាជិក-សមាជិកាទាំងអស់ ដែលកន្លងមក​បានជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងបានផ្តល់យុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជា។ លោកប្រធាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋស្រុកព្រៃឈរទាំងអស់ នាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី​២០ នៅលើសន្លឹកឆ្នោត ដើម្បីទទួលបានសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៦ និងនីតិកាលបន្តបន្ទាប់ទៀត៕​