(ភ្នំពេញ)៖ ធនាគារ ABA ដែលជាសមាជិកសម្ពន្ធធនាគារជាតិនៃកាណាដា ត្រូវបានជ្រើសរើសជា ធនាគារឆ្នើមជាងគេនៅកម្ពុជា ជាលើកទី៥ ក្នុងរយៈពេល៥ឆ្នាំជាប់ៗគ្នា ដោយទស្សនាវដ្តីហិរញ្ញវត្ថុដ៏មានឥទ្ធិពលគឺ ទស្សនាវដ្តី Euromoney។ ពានរង្វាន់នេះត្រូវបានប្រគល់ជូន ABA នៅក្នុងពិធីប្រគល់រង្វាន់ដល់ធនាគារជ័យលាភីពីតំបន់អាស៊ី ដែលប្រារព្ធធ្វើឡើងនៅក្នុងកម្មវិធីពិសាភោជនាហារ និងរាត្រីសមោសរ អបអរសាទរពានរង្វាន់ឧត្តមភាព ប្រចាំឆ្នាំរបស់ទស្សនាវដ្តី Euromoney នៅឯសណ្ឋាគារ JW Marriott ក្នុងទីក្រុងហុងកុងកាលពីថ្ងៃទី១៨ ខែកក្កដា កន្លងទៅថ្មីៗនេះ។
ពាក់ព័ន្ធនឹងជ័យលាភីនេះ លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA បានថ្លែងថា៖ «យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះពានរង្វាន់ដ៏ឧត្តុង្គឧត្តមមួយនេះ ពីទស្សនាវដ្តីហិរញ្ញវត្ថុដែលត្រូវបានគេគោរពទទួលស្គាល់ជុំវិញពិភពលោក។ ម្យ៉ាងវិញទៀតការណ៍ដែលយើងទទួលបានកិត្តិនាម ជាធនាគារឆ្នើមជាងគេដល់ទៅ៥ឆ្នាំជាប់ៗគ្នានេះ សបញ្ជាក់ឲ្យឃើញថា យើងពិតជានៅលើផ្លូវត្រូវក្នុងការផ្តល់ផលិតផលទំនើបទាន់សម័យនិងផ្តោតលើតម្រូវការអតិថិជនជាធំ ជូនទៅដល់ប្រជាពលរដ្ឋ និងអាជីវកម្មនានាក្នុងប្រទេសកម្ពុជា ក៏ដូចជាការបន្តពង្រឹងបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសថែមទៀតផង។ ខ្ញុំក៏សូមអរគុណដល់បុគ្គលិកយើងទាំងអស់ ដែលជារៀងរាល់ថ្ងៃ ពួកគេតែងតែផ្តោតទៅលើកិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់បទពិសោធធនាគារដ៏ល្អឥតខ្ចោះជូនអតិថិជន ហើយក៏សូមអរគុណជាអនេកប្បការ ដល់អតិថិជនទាំងអស់ដែលតែងតែផ្តល់ការគាំទ្រ និងជឿទុកចិត្តលើ ABA»។
ដំណើរការជ្រើសរើសធនាគារឆ្នើមជាងគេប្រចាំប្រទេសនីមួយៗរបស់ Euromoney គឺពឹងផ្អែកលើទិន្នន័យបែបបរិមាណ និងគុណភាពដែលប្រមូលបានក្នុងរយៈពេល១២ ខែចុងក្រោយនេះ។ ទិន្នន័យទាំងនោះរួមមាន ព័ត៌មានទាំងឡាយដែលផ្តល់ជូនដោយធនាគារដែលចូលរួមក្នុងការប្រកួតនេះទាំងអស់, ការស្ទង់មតិពីបណ្តាញរបស់ Euromoney, និងបទសម្ភាស៍ស៊ីជម្រៅជាមួយអ្នកវិភាគឯករាជ្យនានាក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុពីប្រទេសនោះ។ លើសពីនេះទៅទៀតចំណុចសំខាន់ៗដែលត្រូវបានពិចារណា ក្នុងការវាយតម្លៃនេះរួមមាន យុទ្ធសាស្ត្រក្នុងការពង្រឹងការគ្រប់គ្រងហានិភ័យនិងសុវត្ថិភាពតាមអ៊ីនធឺណិតរបស់ធនាគារ, ការវិវឌ្ឍទៅមុខនៃផលិតផល និងយុទ្ធសាស្ត្រនៃសេវាធនាគារ បែបឌីជីថល, ការពង្រីកភូមិសាស្ត្រនៃប្រតិបត្តិការការងារ, គោលជំហរនិងឥទ្ធពលរបស់ធនាគារក្នុងទីផ្សារ ក៏ដូចជាសមិទ្ធិផលផ្នែកហិរញ្ញវត្ថុក្នុងឆ្នាំចុងក្រោយ ដោយធៀបនឹងឆ្នាំទៅម៉ិញផងដែរ។
លោក Clive Horwood និពន្ធនាយកនៃទស្សនាវដ្តី Euromoney ក៏បានមានប្រសាសន៍ដែរថា៖ ធនាគារ ABA នៅតែជាធនាគារនាំមុខគេក្នុងប្រទេសកម្ពុជា ហើយបានទទួលកំណើនប្រាក់ចំណេញដល់ទៅ៥៩ភាគរយ ក្នុងឆ្នាំ២០១៧ បើធៀបនឹងឆ្នាំ២០១៦ ដោយកើនរហូតដល់៤៦.១៩លានដុល្លារអាមេរិក។ ទ្រព្យសកម្មកើនបាន ៤៩ភាគរយ រហូតដល់ ១.៦៤ពាន់លានដុល្លារ និងអត្រានៃលទ្ធភាពទទួលបានប្រាក់ចំណេញគឺ២៨.១ភាគរយ។ លោកបានបន្ថែមទៀតថា៖ «ការគាំទ្រពីភាគហ៊ុនិកដ៏ធំ គឺធនាគារជាតិនៃកាណាដា នឹងបន្តជាអត្ថប្រយោជន៍ដ៏ពិសេសក្នុងការដឹកនាំការអនុវត្តការងារនានាផងដែរ។ ABA បន្តជំរុញសេវាធនាគារនានាឲ្យទៅជាលក្ខណៈឌីជីថល និងមានការឆ្លើយតបខ្ពស់ទៅ នឹងតម្រូវការនៅកម្ពុជា ដោយបានដាក់ឲ្យប្រើសេវាទូទាត់ប្រាក់តាមអនឡាញ PayWay ក្នុងអំឡុងពេលវាយតម្លៃនេះ។ ធនាគារ ABA បានអនុម័តកាតថ្មី ប្រភេទ VISA, Mastercard, និង UPI សរុបប្រមាណជិត១០ម៉ឺនកាត នៅក្នុងឆ្នាំ២០១៧ ហើយថែមទាំងបានចុះកិច្ចព្រមព្រៀងជាដៃគូរយៈពេល១៥ឆ្នាំ ជាមួយក្រុមហ៊ុនធានារ៉ាប់រង Manulife ដើម្បីផ្តល់សេវាធានារ៉ាប់រងអាយុជីវិតដល់អតិថិជនខ្លួនថែមទៀតផង»។
ប៉ុន្មានឆ្នាំកន្លងទៅនេះ ធនាគារ ABA បានទទួលពានរង្វាន់ធំៗពីគ្រឹះស្ថានបោះពុម្ពហិរញ្ញវត្ថុអន្តរជាតិល្បីៗជាច្រើន។ ក្នុងនោះទស្សនាវដ្តី The Banker បានប្រសិទ្ធនាម ABA ជា «ធនាគារប្រចាំឆ្នាំ» ក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១៤ និង២០១៦ ខណៈពេលដែលទស្សនាវដ្តី Global Finance បានទទួលស្គាល់ ABA ថាជា «ធនាគារឆ្នើមជាងគេនៅកម្ពុជា» ក្នុងរយៈពេល៤ឆ្នាំជាប់ៗគ្នាគឺ ២០១៥, ២០១៦, ២០១៧ និង ២០១៨។ ពានរង្វាន់ «ធនាគារឆ្នើមជាងគេនៅកម្ពុជាប្រចាំឆ្នាំ២០១៨» ពី Euromoney នេះ គឺជាពានទី៥ ពីទស្សនាវដ្តីមួយនេះ ដោយបន្ថែមទៅលើបញ្ជីសមិទ្ធផលដែលបន្តកើនពីឆ្នាំ ២០១៤, ២០១៥, ២០១៦ និង ២០១៧។