(ភ្នំពេញ)៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ការកាប់ព្រៃឈើ ដើម្បីយកដីធ្វើកសិកម្ម វាជារឿងនៃការរីកចម្រើននៃកំណើនរបស់មនុស្ស វាមិនអាចឃាត់ឃាំងបានទេ ប៉ុន្តែយើងក៏ត្រូវគិតដែរថា គួរទុកតំបន់ប៉ុនណាដើម្បីធ្វើការភិវឌ្ឍ និងអភិរក្សឈើទាំងអស់នោះ ដើម្បីឱ្យក្លាយជាគម្របនៃបរិស្ថាន ក្នុងការការពារ និងទប់ស្កាត់គ្រោះមហន្តរាយផ្សេងៗ។
លោក សុខ ទូច បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោក អញ្ជើញជាគណៈអធិបតីបើកសិក្ខាសាលាចាប់ផ្តើមការងារដំបូង នៃអ្នកនិពន្ធទស្សនាវដ្តីចីរភាពបរិស្ថាននៅអាស៊ី ច្បាប់បោះពុម្ភផ្សាយសម្រាប់កម្ពុជា។ ពិធីនេះដែរក៏មានការចូលរួមពីលោក ជីង ហូ លី ( Jeong Ho Lee) និងលោក ជួន យុន ផាក (Jun Hyun Park) ដែលជាគណៈប្រតិភូមកពីវិទ្យាស្ថានកូរ៉េ រួមទាំងមានការចូលរួម ពីសំណាក់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិផងដែរ។
លោក សុខ ទូច បានលើកឡើងទៀតថា ចីរភាពបរិស្ថាន គឺជាតម្រូវការរបស់មនុស្សលើពិភពលោក មិនមែនតែសម្រាប់ប្រទេសកម្ពុជានោះទេ អ្នកខ្លះតែងតែនិយាយថា កម្ពុជាអ្នកបំផ្លាញបរិស្ថាន តាមពិតកម្ពុជាមិនមែនជាប្រទេសដែលបំផ្លាញបរិស្ថាន ដូចជាប្រទេសមហាអំណាចនោះទេ ប្រទេសមហាអំណាចស្ទើរតែរកខ្យល់ល្អដកដង្ហើមមិនបានផង ប៉ុន្តែកម្ពុជាធម្មតា កាលណាកំណើនមនុស្សកើនឡើង មនុស្សត្រូវការដីសម្រាប់ធ្វើកសិកម្មព្រោះកម្ពុជា ជាប្រទេសធ្វើកសិកម្ម ដូចនេះការកាប់រានដីធ្វើកសិកម្មបើសិនប្រទេសមហាអំណាច មិនបានគិត មិនបានផ្តល់ថវិការមកឱ្យប្រជាជនកម្ពុជា ឫមិនបង្កើននូវកម្លាំងផលិតផលណាមួយមកជួយដល់កម្ពុជា កម្ពុជាត្រូវតែឈរលើខ្លួនឯង ហើយការកាប់ព្រៃឈើ ដើម្បីយកដីធ្វើកសិកម្ម វាជារឿងការរីកចម្រើននៃកំណើនរបស់មនុស្សវាមិនអាចឃាត់ឃាំងបានទេ។
លោកក៏បានបញ្ជាក់ទៀតថា ប៉ុន្តែយើងក៏ត្រូវគិតដែរថា ទុកតំបន់ប៉ុនណាដើម្បីធ្វើការភិវឌ្ឍ និងអភិរក្សឈើទាំងអស់នោះ ដើម្បីឱ្យទៅជាគម្របព្រៃឈើ ដោយយើងដឹងហើយថាឈើ ជាអ្នកបម្លែងឧស្ម័នការបូនិច បំលែងឧស្ម័នផ្ទាំងកញ្ចក់ ដែលគ្រប់ដណ្តប់ទៅដោយពពកក្រាស់ ហើយមិនអាចចូលបាន ធ្វើឱ្យតំបន់អាក់ទិចឡើងសីតុណ្ហភាពតំបន់អាក់ទិចនឹងរលាយ ហើយពេលរលាយតំបន់នៅតាមមាត់សមុទ្រដូចជា ជប៉ុន កូរ៉េ ពីលីពីន កោះហាវ៉ៃ អាក់ទិចវារលាយទឹកកក វានឹងធ្វើឱ្យតំបន់ទាំងអស់នោះជួយបញ្ហាដូចជា ទឹកជំនន់ ភ្លៀងធ្លាក់ ដែលយើងឃើញស្រាប់ហើយថា មិនមែនតែជប៉ុន ដែលជួបបញ្ហាទាំងអស់នេះទេ ប្រទេសកម្ពុជាក៏មានបញ្ហាទាំងអស់នេះដែរ ហើយខណៈដែលទឹកភ្លៀងមានកំពស់ខ្ពស់ ធ្វើឱ្យប្រទេសដែលរស់នៅតំបន់មាត់សមុទ្រមានការព្រួយបារម្មណ៍បំផុត។
លោកបានលើកឡើងទៀតថា កម្ពុជាជាប្រទេសតូចណាស់ ហើយកម្ពុជាត្រូវតែដើតួរនាទីនេះដើម្បីជួយមនុស្សទៅថ្ងៃអនាគត់ ហើយបើយើងមិនបានគិតទេ អ្វីដែលហួសទៅហើយនោះ ពិបាកនឹងទាញមកវិញណាស់។ លោកក៏បានអំពាវនាវដល់អ្នកដែលមានលុយកាក់ច្រើន សូមឱ្យផ្តល់ទៅក្នុងវិស័យអប់រំ ផ្តល់ទាក់ទងនឹងចំណោះដឹងជាច្រើនទាក់ទងនិងការថែរក្សាបរិស្ថាន និងការស្រលាញ់បរិស្ថាន វាគឺដើរតួនាទីសំខាន់ណាស់ បើយើងមិននាំគ្នាចូលរួមទាំងអស់គ្នាទេ យើងមិនអាចជួយការពារ និងថែរក្សាបរិស្ថានបានទេ ដោយឡែកបើសិនជាយើងអាចជួយការពារ និងថែរក្សាបរិស្ថានបានទេ យើងនឹងអាចស្រួបយកកំណើនទេសចរណ៍ បានយ៉ាងច្រើនផងដែរ៕