(កំពង់ចាម)៖ នៅសល់តែ០៩ថ្ងៃទៀតទេ ដល់ថ្ងៃបោះឆ្នោតហើយ លោក ហោ ណាំហុង សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានចោទសួរទៅសមាជិកបក្សប្រមាណ៤០០០នាក់ថា តើហេតុអ្វីបានជាយើងត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា?
សម្រាប់លោក ហោ ណាំហុង, ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដោយសារគណបក្សប្រជាជន បាននាំយកនូវសន្តិភាព និងការអភិវឌ្ឍតាំងពី ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ មកម្ល៉េះ ព្រមទាំងបានកសាង និងការពារប្រទេសតាំងពីចំណុចសូន្យ រហូតដល់មានការអភិវឌ្ឍ ដូចសព្វថ្ងៃនេះ ដែលធ្វើឱ្យជីវភាពប្រជាជនកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្រោម «នយោបាយឈ្នះ-ឈ្នះ» របស់ សម្តេចតេជោ ហ៊ុន សែន ដោយសម្រេចបានកំណើនសេដ្ឋកិច្ច ៧% ជារៀងរាល់ឆ្នាំ។
លោក ហោ ណាំហុង បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារ បន្តចុះជួបសំណេះសំណាលជាមួយសមាជិកបក្សប្រជាជនចំនួន៤០០០ពាន់នាក់ រួមទាំងសិស្សានុសិស្សដែលចូលរួមបោះឆ្នោត នៅស្រុកកងមាស ខេត្តកំពង់ចាម។
ជាមួយគ្នានេះមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនរូបនេះ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបោះឆ្នោតទាំងអស់គ្នាដោយគូសយកលេខ២០ ដែលមានរូបទេវតាបាចផ្កា ដែលជាលេខរៀង និងសញ្ញារបស់គណបក្សប្រជាជនកម្ពុជា។ យើងទាំងអស់គ្នាបោះឆ្នោតក្នុង១នាក់ ១សន្លឹកយ៉ាងតិច ឬ ២ ទៅ៣សន្លឹក ដោយរួមទាំងសមាជិកគ្រួសារ។
ទទ្ទឹមនឹងនេះ លោក ហោ ណាំហុង បានបន្តថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦នេះ មានគណបក្សនយោបាយដល់ទៅ២០ ចូលរួមក្នុងការបោះឆ្នោត ទាំងនេះសបញ្ជាក់យ៉ាងច្បាស់ អំពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ យ៉ាងពេញលេញនៅកម្ពុជា។ មិនតែប៉ុណ្ណោះក្រោយពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលបានផ្តល់កម្មសិទ្ធកាន់កាប់ដីធ្លី រាប់លានហិកតា និងបានបន្តមិនយកពន្ធ លើដីកសិកម្ម។
លោកបានបញ្ជាក់ថា ចាប់តាំងថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជា បានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋររហូតដល់សព្វថ្ងៃនេះ។ មិនតែប៉ុណ្ណោះទីណាមានទុក្ខទីនោះមានថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាជានិច្ចផងដែរ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍ រារាំងបដិវត្តន៍ពណ៌ និងដើម្បីជីវភាពប្រជាជនយើងមា្នក់ៗ កាន់តែសម្បូររុងរឿង សម្រាប់ប្រទេសកាន់តែអភិវឌ្ឍ លើគ្រប់វិស័យ ដូចប្រទេសជឿនលឿនក្នុងលោក៕