(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំជាបន្ទាន់មួយដើម្បីត្រួតពិនិត្យផែនការការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ និងប្រគល់ម៉ូតូចំនួន២៩គ្រឿង ដែលជាអំណោយរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ជូនប៉ុស្ដិ៍នគរបាលរដ្ឋបាលទូទាំងខេត្តព្រះសីហនុ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានណែនាំឲ្យកងកម្លាំងនគរបាលទាំងអស់ យល់ដឹងអំពីច្បាប់បទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌ សម្រាប់ភ្នាក់ងារសន្តិសុខ ការពារការិយាល័យ បោះឆ្នោត។ ក្នុងនោះត្រូវយល់ដឹងអំពីសិទ្ធិតួនាទី និងភារកិច្ចរបស់ខ្លួន ត្រូវមានវិន័យក្រម សីលធម៌ ប្រកបដោយវិជ្ជាជីវៈ មានឆន្ទៈ និងការទទួលខុសត្រូវខ្ពស់។ ចំពោះការងារប្រចាំថ្ងៃ ត្រូវធ្វើការបែងចែកវេន ប្រចាំការ ប្រចាំបញ្ជាឲ្យបានល្អ២៤/២៤ម៉ោង ដើម្បីទ្រោលសភាពការណ៍ ការពារសន្តិសុខក្នុងសង្គម។
លោកឧត្តមសេនីយ៍ស្នងការ បានគូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ មានសារៈសំខាន់ណាស់ ដូចនេះមិនអនុញ្ញាតឲ្យក្រុមណា ឬជនណាមកអុកឡុក រារាំង គំរាមកំហែង បំភិតបំភ័យដល់ប្រជាពលរដ្ឋ បំផ្លាញដល់ការបោះឆ្នោតជាដាច់ខាត។
លោកឧត្តមសេនីយ៍ ជួន ណារិន្ទ សំណូមពរឲ្យកងកម្លាំងនគរបាលទាំងអស់ជួយផ្សព្វផ្សាយ ដល់ក្រុមគ្រួសារ សាច់ញ្ញាតិ បងប្អូនឲ្យទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន។
យ៉ាងណាមិញ លោកស្នងការ បានបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលក្រសួងមហាផ្ទៃ បានប្រគល់របបម៉ូតូបន្ថែម ពីលើរបបសាំង និងថវិកាប្រចាំត្រីមាស ដែលក្រសួងបានផ្ដល់ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ នៅទូទាំងប្រទេស ក៏ដូចជាក្នុងខេត្តស្វាយរៀង សម្រាប់បម្រើឲ្យកិច្ចប្រតិបត្តិការរក្សា សន្តិសុខជូនប្រជាពលរដ្ឋ។
បើតាមលោកស្នងការ របបម៉ូតូនៅនេះ គឺបានបង្ហាញឲ្យឃើញពីការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ក្រសួងមហាផ្ទៃ ជាពិសេសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលលោកតែងតែគិតគូរពីសុខទុក្ខ និងសេចក្ដីត្រូវការរបស់កងកម្លាំងនគរបាលទាំងអស់ ដូច្នេះត្រូវប្រើប្រាស់ឲ្យចំគោលដៅ៕