(ស្វាយរៀង)៖ អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ម៉ូតូ ដែលជាអំណោយរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់នីមួយៗទាំង៨០ក្នុងខេត្ត នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។
ស្នងការនគរបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ទោ កឹង ឃន បានឲ្យដឹងថា នេះជាលើកទី៤ហើយ ដែលក្រសួងមហាផ្ទៃ បានប្រគល់របបម៉ូតូបន្ថែម ពីលើរបបសាំង និងថវិកាប្រចាំត្រីមាស ដែលក្រសួងបានផ្ដល់ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ នៅទូទាំងប្រទេស ក៏ដូចជាក្នុងខេត្តស្វាយរៀង សម្រាប់បម្រើឲ្យកិច្ចប្រតិបត្តិការរក្សាសន្តិសុខជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកអភិបាលខេត្តស្វាយរៀង បានបញ្ជាក់ថា របបម៉ូតូនៅនេះ គឺបានបង្ហាញឲ្យឃើញពីការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ក្រសួងមហាផ្ទៃ ជាពិសេសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលលោកតែងតែគិតគូរពីសុខទុក្ខ និងសេចក្ដីត្រូវការរបស់កងកម្លាំងនគរបាលទាំងអស់។
បើតាមលោក ម៉ែន វិបុល ការប្រគល់ម៉ូតូនេះ គោលបំណងបង្កលក្ខណៈកាន់តែងាយស្រួល ដល់បងប្អូនកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រើប្រាស់សម្រាប់ ជាមធ្យោបាយក្នុងការបំពេញប្រតិបត្តិការការងារ កាន់តែមានភាពឆ្លើយតប អន្តរាគមន៍បានទាន់ពេលវេលា ចំពោះរាល់គ្រប់សភាពការណ៍ ដែលបានកើតឡើង ជាក់ស្ដែងនៅមូលដ្ឋាន។
លោកអភិបាលខេត្តសង្កត់ធ្ងន់ថា ឆ្លើយតបទៅនឹងការគិតគូរយកចិត្តទុកដាក់នេះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវយកម៉ូតូទៅប្រើប្រាស់ ឲ្យបានចំទិសដៅបម្រើឲ្យផលប្រយោជន៍រួម ផលប្រយោជន៍របស់ប្រជាពលរដ្ឋទូទៅ និងចៀសវាងឲ្យបាននូវការយកមធ្យោបាយនេះ ទៅប្រើប្រាស់ខុសគោលដៅ បម្រើឲ្យផលប្រយោជន៍បុគ្គល ព្រមទាំងថែរក្សាឲ្យបានគង់វង្សយូរអង្វែង។
បន្ថែមពីនេះ លោកអភិបាលខេត្តស្វាយរៀង ក៏បានផ្ដាំផ្ញើដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវបង្កើនការប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅមូលដ្ឋាន ឲ្យបានកាន់តែសកម្ម និងល្អប្រសើរថែមទៀត ដើម្បីផ្ដល់ភាពកក់ក្ដៅ និងបង្កើននូវជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ត្រៀមអនុវត្តតាមបទបញ្ជាថ្នាក់លើ គ្រប់ពេលវេលា យកចិត្តទុកដាក់អនុវត្តតាមការណែនាំ ចង្អុលបង្ហាញ តម្រង់ទិសរបស់ប្រធានអង្គភាព និងគណៈបញ្ជាការឯកភាពរដ្ឋបាលឲ្យបានម៉ឹងម៉ាត់ និងបន្តការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ដល់ដំណើរការបោះឆ្នោតទាំងមូលឲ្យបានល្អប្រសើរ។
ដោយឡែកត្រូវការពារការិយាល័យបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការដឹកជញ្ជូនសន្លឹកឆ្នោត ព្រមទាំងត្រូវទប់ស្កាត់ឲ្យបានកុំឲ្យមានជាដាច់ខាត ចំពោះរាល់សកម្មភាពដែលបង្កភាពអនាធិបតេយ្យ ដល់ការិយាល័យបោះឆ្នោត ហើយត្រូវចាត់វិធានការតាមច្បាប់ឲ្យបានតឹងរឹងលើសកម្មភាពទាំងឡាយណា ដែលរារាំងដល់ដំណើរការបោះឆ្នោត៕