(កំពង់ចាម)៖ តំណាងយុវជនទូទាំងស្រុកកងមាស ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្តេជ្ញាចិត្តគៀងគរបងប្អូន និងឱពុកមា្តយឱ្យអញ្ជើញទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ដើម្បីជ្រើសរើសមេដឹកនាំប្រកបដោយគតិបណ្ឌិត ខិតខំកសាងជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ទើបប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យដូចបច្ចុប្បន្ននេះ។
ក្រុមយុវជនស្រុកកងមាសរូបនេះ បានថ្លែងយ៉ោងដូច្នេះថា៖ «យើងខ្ញុំទាំងអស់គ្នាជាសមាជិកគណបក្សប្រជាជនកម្ពុជា សូមគាំទ្រយ៉ាងប្ដូរផ្ដាច់ នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ស្ដីពីការថែរក្សាសន្ដិភាព សន្ដិសុខ សុវត្ថិភាពជូនប្រជាជននៅគ្រប់កាលៈទេសៈ ទោះជាត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ យើងមិនអនុញ្ញាតិឱ្យអ្នកណាមកបំផ្លាញសន្ដិភាព និងការអភិវឌ្ឍនៅកម្ពុជាបានដាច់ខាត»។
យុវជនជំនាន់ថ្មីរបស់កម្ពុជា បានថ្លែងថា ក្រោយពីបានស្ដាប់សុន្ទរកថា របស់លោក អ៊ុ ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី ប្រកបដោយខ្លឹមសារ និងអត្ថន័យដ៏ជ្រាលជ្រៅ ដែលបានឆ្លុះបញ្ចាំងឱ្យឃើញពីការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃ និងការខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាលកម្ពុជា ពិសេសគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការស្ដារ និងកសាងប្រទេសឱ្យមានសន្ដិភាពទូទាំងប្រទេស និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។
ជាមួយគ្នានេះក្រុមយុវជន «ប្ដេជ្ញាចូលរួម ថែរក្សា ពូនជ្រុំសមិទ្ធិផល ០៧ មករា ឆ្នាំ១៩៧៩ ឱ្យនៅស្ថិតស្ថេរគង់វង្សជារៀងរហូត និងប្ដេជ្ញា ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ ឱ្យបានគ្រប់ៗគ្នា។ ប្ដេជ្ញា គៀងគរ លោកឪពុក អ្នកម្ដាយ បង ប្អូន មិត្តភ័ក្រ្ដបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ នៅលើសន្លឹកឆ្នោត»។
សូមជម្រាបថា គិតមកដល់ត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ គឺសល់តែរយៈពេល៩ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នឹងចូលមកដល់។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមឯកសារសម្រាប់បម្រើដល់ការបោះឆ្នោតឱ្យរួចរាល់ ដើម្បីអញ្ជើញទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕