(កណ្តាល)៖ ដើម្បីចូលរួមចំណែកថែទាំសុខភាព និងសុវត្ថិភាពចំណីអាហារ ជូនប្រជាពលរដ្ឋតាមរយះជំនាញរបស់ខ្លួន លោក អ៊ូ ម៉ានរិន ប្រធានសាខាកាំកុងត្រូលខេត្តកណ្តាល សហការ ជាមួយនឹងរថយន្តមន្ទីរពិសោធន៍ចល័ត និងមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត ដោយបានសហការជាមួយសន្តិសុខផ្សារ បានចុះពិនិត្យមុខទំនិញ និងចំណីអាហារ នៅផ្សារតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨។

ក្នុងឱកាសចុះពិនិត្យមុខទំនិញ ដែលអាជីវករកំពុងបំរើសេវាកម្មជូនប្រជាពលរដ្ឋ លោក អ៊ូ ម៉ានរិន បានធ្វើការផ្សព្វផ្សាយសារសំខាន់ នៃសុវត្ថិភាពចំណីអាហារ ដែលជាសារធាតុចាំបាច់ ក្នុងការទ្រទ្រង់រាងកាយ របស់មនុស្ស ហើយតាមរយៈចំណីអាហារដែលប្រជាពលរដ្ឋបរិភោគ រាល់ថ្ងៃនេះ នឹងធ្វើអោយប្រជាពលរដ្ឋមានសុខភាព និងរាងកាយមាំមួន បើគាត់ពិសាចំណី អាហារដែលមានសុវត្ថិភាព មិនមានជាតិពុល។

លោកបានស្នើឲ្យអាជីវករ និងបងប្អូនលក់លើតូប ឫកញ្ជ្រែង ត្រូវមានឆន្ទះក្នុងការលក់ដូរតែចំណីអាហារ ដែលគ្មានជាតិគីមី បន្សល់ទុកលើបន្លែ ឫទំនិញហួសការបរិច្ជេទនៃការប្រើប្រាស់ បញ្ហានេះនាំអោយប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ នៅពេលយកទៅបរិភោគ។

លោកក៏បានបញ្ជាក់បន្ថែមទៀតថា ដើម្បីធានាបានសុវត្ថិភាពចំណីអាហារក្នុងការបរិភោគរបស់ប្រជាពលរដ្ឋ មន្ត្រីកាំកុងត្រូល តែងតែចុះពិនិត្យទំនិញនៅតាមផ្សារក្នុងខេត្ត ដោយអនុលោមតាមច្បាប់ អនុក្រិតស្តីពីច្បាប់គ្រប់គ្រងសុខភាព សុវត្ថិភាពចំណីអាហារ ដែលមានសិទ្ធិស្របច្បាប់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីធ្វើការត្រួតពិនិត្យទំនិញចម្រុះនៅលើ ទីផ្សារក្នុងដែនសមត្ថកិច្ច។
ក្រុមការងារ បានធ្វើការពិនិត្យដោយរថយន្តមន្ទីរពិសោធន៏ចល័ត ទៅលើមុខទំនិញ បន្លែ គ្រឿង សមុទ្រ ជ្រក់ ប្រហិត គុយទាវ ស្ករត្នោតនិងគ្រឿងឧបភោគ បរិភោគ ដែលមានចំនួន ៤៦គំរូ ក្នុងនោះមានបន្លែ ១៥គំរូ។ ជាលទ្ធផលក្រុមការងារ បានរកឃើញមានវត្តមាន សារ ធាតុគីមីហាមឃាត់ បូរ៉ាក់(Borax) ចំនួន១គំរូ លើប្រហិតត្រីលាយគ្រឿង ហើយបានធ្វើការ ដកហូតប្រហិតត្រីទម្ងន់១គីឡូក្រាម ណែនាំអោយឈប់លក់បន្តទៀត ។

ទន្ទឹមនឹងការចុះត្រួតពិនិត្យគុណភាពទំនិញ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងណែនាំដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីរបៀប នៃការដាក់តាំងលក់ផលិតផល ចំណីអាហារឲ្យនៅដាច់ពីគ្នា។

គេសង្កេតឃើញថា ក្នុងប្រតិបត្តិការខាងលើនេះ គឺបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារ បានសម្តែងនៅទឹកចិត្តរីករាយ និងគាំទ្រចំពោះសកម្មភាព របស់មន្ត្រីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញ រកសារធាតុគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ៕