(ព្រះវិហារ)៖ តំណាងរាស្ត្រវ័យក្មេងរបស់គណបក្សប្រជាជនកម្ពុជាមណ្ឌលព្រះវិហារ លោក សួស យ៉ារ៉ា បានអំពាវនាវឲ្យពលរដ្ឋ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ កម្មករ-កម្មការិនី អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ជូនគណបក្សប្រជាជន ដើម្បីសម្តេចតេជោ និងប្រជាជនកម្ពុជាទាំមូល។
ការថ្លែងបែបនេះ ក្នុងឱកាសដែលលោក សួស យ៉ារ៉ា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀតផងដែរ។
នៅក្នុងឱកាសនោះលោក សួស យ៉ារ៉ា បានលើកឡើងអំពីសភាពការណ៍បច្ចុប្បន្ន ទាំងក្នុង និងក្រៅប្រទេស មកជំរាបជូនថ្នាក់ដឹកនាំ និងសមាជិកបក្សឲ្យបានយល់ជ្រួតជ្រាប សម្រាប់ធ្វើការត្រិះរិះពិចារណា និងផ្សព្វផ្សាយបន្តនៅតាមមូលដ្ឋានរបស់ខ្លួន។
លោកបន្តថា ខេត្តព្រះវិហារជាខេត្តគំរូមួយក្នុងចំណោម២៥ខេត្តក្រុង ដែលមានការឯកភាព និងសាមគ្គីភាពល្អ និងមានការទទួលខុសត្រូវខ្ពស់។ សន្តិភាព និងស្ថេរភាពគឺប្រទេសយើងកើតឡើង ដោយចំឡែក ដោយសារប្រទេសយើងនៅចន្លោះភូមិសាស្ត្រនយោបាយ ចឹងគេមិនឲ្យយើងមានសន្តិភាព និងស្ថេរភាពយូរទេ ចឹងចន្លោះភូមិសាស្ត្រនយោបាយនេះ នរណាក៏ចង់បាន ព្រោះយើងមានភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រនយោបាយនេះធ្វើឲ្យយើង រស់ក្នុងសន្តិភាព និងស្ថេរភាពដោយលំបាក។
លោកបន្តថា «សម្តេចតេជោ លោកមានប្រសាសន៍ថា សន្តិភាពៗ គឺយើងមានការពិបាកណាស់ ដើម្បីបានសន្តិភាព និងចឹងយើងត្រូវដឹង ប៉ុន្តែពេលយើងអត់ដឹង យើងអស់៣លាននាក់ហើយ។ យើងបានឆ្លងកាត់របប៥ក្នុងរយៈពេល៥០ឆ្នាំ ហើយរបត់នយោបាយខុសៗគ្នាទាំងអស់ ចឹងរបបទាំង៥នេះ គ្មានអ្នកណាពូកែជាងស្រុកខ្មែរទេ ក្នុងមួយពិភពលោក គេមានសកលវិទ្យាល័យនយោបាយ តែគេមកសិក្សាស្រាវជ្រាវពីកម្ពុជាវិញ ហើយក៏មានជាច្រើនករណីទៀត ដែលកម្ពុជាយើងបានឆ្លងកាត់រួចមកហើយ»។
លោកតំណាងរាស្រ្តបានបញ្ជាក់ទៀតថា «សម្តេចតេជោ ហ៊ុន សែន ប្រើពាក្សមួយម៉ាត់ថា អំណាចរបស់កម្ពុជាស្ថិតក្នុងហិបឆ្នោត ដូច្នេះត្រូវតែបោះឆ្នោត។ ដូច្នេះចំណុចនេះហើយ លោកចង់ជម្រាបថា តើទស្សនៈប្រជាជនយល់យ៉ាងមិច សម្តេចតេជោជាថ្នាក់ដឹកនាំល្អ ចឹងគណបក្សនយោបាយណាដែលអ៊ំពូមីងជឿជាងគេ ចឹងមានតែគណបក្សប្រជាជនកម្ពុជាទេ ដូច្នេះសូមអបអរគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតទៀត»។
លោក សួស យ៉ារ៉ា បន្តទៀតថា បើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត អ្វីដែលត្រូវចាប់ផ្ដើមនោះ គឺការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ពង្រឹងតម្លៃ កសិផលរបស់ប្រជាកសិករ ប្រឆាំងអំពើពុករលួយ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា។ ចឹងហើយគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយវិទ្យាសាស្ត្រ ចំណុចនេះលោកចង់ជម្រាបជូនថា ការបោះឆ្នោត និងមតិសាធារណៈបានជម្រុញឲ្យគណបក្ស ប្រជាជនកម្ពុជា ដឹកនាំដោយវិទ្យាសាស្ត្រ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន។
ដោយឡែក លោក អ៊ុន ចាន់ដា បានលើកឡើងអំពីយុទ្ធនាការបោះឆ្នោតចាប់តាំងពីថ្ងៃដំបូង រហូតមកដល់ថ្ងៃនេះ បានដំណើរការល្អដោយមិនមានបញ្ហានោះទេ។ ចំពោះសកម្មភាពឃោសនរបស់ គណបក្សប្រជាជនកម្ពុជា មានសភាពផុលផុសគ្រប់ទីកន្លែងតាមក្រុង ស្រុក ឃុំ សង្កាត់ ដោយមានការចូលរួមច្រើនពីមហាជន ដែលនេះលោកវាយតម្លៃថា គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ នឹងទទួលបានលទ្ធផលត្រចះត្រចង់នៅថ្ងៃបោះឆ្នោតខាងមុខនេះ៕