(ភ្នំពេញ)៖ ឆ្លើយតបចំពោះការវាយប្រហារថា កម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជំពាក់បំណុលចិនវ័ន្តកនោះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ បានលើកឡើងថា នៅលើពិភពលោកនេះ មានប្រទេសជាច្រើនដែលជំពាក់បំណុលចិន ហើយប្រទេសមហាអំណាចលោកខាងលិចមួយ បានជំពាក់បំណុលចិនលើសកម្ពុជា ១០០ដងឯណោះ។
លោក សុខ ឥសាន បានលើកឡើងយ៉ាងដូច្នេះថា៖ «ពួកអគតិបរទេស បាននិងកំពុងវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាថា ជំពាក់បំណុលចិនវ័ន្តក ដែលនាំឲ្យបាត់បង់ឯករាជ្យ និងអធិបតេយ្យរបស់ខ្លួន។ តាមពិត កម្ពុជាជំពាក់បំណុលចិនតែជាង៤០០០លានដុល្លារអាមេរិក ត្រូវជាប្រមាណមិនដល់២៨ភាគរយ នៃផលទុនជាតិ បើចែកម្នាក់ៗមានប្រមាណតែ ៤០០ដុល្លារអាមេរិកប៉ុណ្ណោះ»។
លោកបានបន្តថា «នៅបណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុប ជំពាក់បំណុលរហូតដល់ជាង រយភាគរយ ផ.ស.ស (ផលិផផលជាតិសរុប)ទៅទៀត។ ឯមហាអំណាចសេដ្ឋកិច្ចមួយនៅលោកខាងលិច ជំពាក់បំណុលចិន រហូតដល់ជាង១លានលានដុល្លាអាមេរិកឯណោះ បើគិតម្នាក់ៗរហូតដល់៤ម៉ឺនដុល្លារអាមេរិក លើសកម្ពុជាជាង១០០ដង»។
អ្នកនាំពាក្យគណបក្សកាន់អំណាច បានលើកឡើងទៀតថា ដោយសារវ័ន្តកនេះហើយ បានជាមានឧបាយកលដំឡើងពន្ធយ៉ាងអនាធិបតេយ្យ លើទំនិញនាំចូលប្រទេសនោះ ដែលធ្វើឲ្យមានការឆ្លើយតប យ៉ាងគំហុក ពីបណ្តាប្រទេសលើពិភពលោក រួមទាំងប្រទេសជាសម្ព័ន្ធមិត្តរបស់ប្រទេសនោះផង ដែលនាំឲ្យមានហានិភ័យ នៃសង្គ្រាមពាណិជ្ជកម្មនៅលើពិភពលោកនោះ៕