(ភ្នំពេញ)៖ ពលរដ្ឋក្រីក្រដែលរស់នៅដោយខ្វះជំរកសមរម្យចំនួន៦៩គ្រួសារ ស្ថិតក្នុងភូមិសំរោងមានជ័យ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌចុះចែកដីកម្មសិទ្ធិ ដើម្បីរស់នៅដោយស្របច្បាប់ បន្ទាប់ពីអ្នកភូមិទាំង៦៩គ្រួសារ បានរស់នៅក្នុងលក្ខណៈជាសំណង់មិនរៀបរយអស់ជាង១០ឆ្នាំកន្លងទៅ។

ពិធីប្រគល់បណ្ណ័សម្គាល់ដីជូនអ្នកភូមិនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រោមក្រសែភ្នែកអ្នកភូមិជាច្រើននាក់ ប្រកបដោយទឹកមុខរីករាយស្និទស្នាល។
ថ្លែងទៅកាន់អ្នកភូមិសែនសុខលោក ម៉ូវ ម៉ានិត បានឲ្យដឹងថា ការចុះចែកដីជូនប្រជាពលរដ្ឋចំនួន៦៩គ្រួសារនេះ ជាលើទី០៣ហើយ ដែលកាលពីលើកទី១ គឺក្នុងអំឡុងដើមឆ្នាំ
២០១៦ដោយចែកជូនប្រជាពលរដ្ឋចំនួន៩៤គ្រួសារ លើកទី២ ក្នុងឆ្នាំ២០១៧ បានចែកជូនប្រជាពលរដ្ឋចំនួន៥២គ្រួសារ និងលើចុងក្រោយព្រឹកនេះចែកបន្ថែមចំនួន៦៩
គ្រួសារទៀតសរុបទាំងអស់២១៥គ្រួសារ។

លោក ម៉ូវ ម៉ានិត ក៏បានជម្រាបជូនពីសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជូនការគ្រប់គ្រងលើដីរបស់ខ្លួន។ ការផ្ដល់កម្មសិទ្ធជូនប្រជាពលរដ្ឋនាពេលនេះ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រដើម្បី ជំរុញ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខិតខំបង្កើនផលិតភាព។

ម្យ៉ាងទៀត ការផ្ដល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនាពេលនេះ ក៏ជាការរួមចំណែកជួយដោះស្រាយបញ្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ដែលកន្លងមកបញ្ហានេះ តែងតែកើតឡើងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ បង្កភាពស្មុគស្មាញយ៉ាងខ្លាំងដល់អាជ្ញាធរមានសមត្ថកិច្ច។

លោក ម៉ូវ ម៉ានិត បានប្រាប់ឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខជូនគណបក្សប្រជាជនកម្ពុជា មានលេខរៀងទី២០ ដើម្បីបន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ដែលមានលទ្ធភាព ក្នុងការបន្តដឹកនាំប្រទេសឲ្យទទួលបាននូវសុខសន្តិភាព និងមានការអភិវឌ្ឍន៍បន្តទៀត៕