(ភ្នំពេញ)៖ មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានបង្កើតឡើងដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបិទបញ្ចប់ការទទួលសមាជិកស្ថាបនិកហើយ ដោយបច្ចុប្បន្នមូលនិធិមានសមាជិកស្ថាបនិកចំនួន១៣០រូប។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានផ្លូវការ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨។
បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលសមាជិក ក្នុងប្រភេទនីមួយរួមមាន សមាជិកស្ថានិក ចំនួន១៣០រូប, សមាជិកកិត្តិយស ចំនួន១០៧រូប, សមាជិកគាំទ្រ ចំនួន៤៦,៣៩៧រូប និងសប្បុរសជនផ្សេង ចំនួន៨៩០រូប។ ដោយសរុបថវិកាទទួលបានពីការបរិច្ចាគ ប្រាប់រៀលចំនួន ៣,៥៣៧,៦៤៦,១៥០រៀល និងប្រាក់ដុល្លារ៤,៩១៥,០៩៥ដុល្លារ។
សូមបញ្ជាក់ថា ការចូលរួមបរិច្ចាគនេះ ជាកាយវិការមួយបង្ហាញឲ្យឃើញថាទាំងសប្បុរសជនទាំងក្នុងប្រទេស និងក្រៅប្រទេស បានចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្រគោលនយោបាយទ្រទ្រង់ និងធានាចិរភាព នៃកិច្ចប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ជា ដែលត្រូវបានផ្ដួចផ្ដើមឡើងដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន តាមរយៈការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា បន្ថែមពីលើមូលនិធិគន្ធបុប្ផាស្វីសដែលមានស្រាប់។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តអំពាវនាវ និងលើកទឹកចិត្តដល់សប្បុរសជនទាំងអស់ឲ្យចូលរួមបរិច្ចាគ ក្នុងនាមជាសមាជិកកិត្តិយស ឬសមាជិកគាំទ្រ ដើម្បីនាំមកនូវភាពញញឹមដល់កុមារកម្ពុជាគ្រប់រូប ព្រោះភាពញញឹមរបស់កុមារ គឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
សូមរំលឹកថា មូលនិធិគន្ធបុប្ផាកម្ពុជាដែលបង្កើតឡើងដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាស្ថាបនិក និងជាប្រធានកិត្តិយសនៃមូលនិធិ៕