(ព្រៃវែង)៖ តាមរយៈវីដេអូប្រមាណ២៨នាទី ដែលពោរពេញដោយអត្ថន័យ និងជាអ្វីដែលសម្រេចបានរបស់ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង សម្រាប់ឆ្នាំ២០១៦-២០១៨ ដែលទាំងអស់នេះសុទ្ធតែកើតចេញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកំពូល របស់គណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំថ្នាក់កណ្ដាលរបស់បក្សប្រជាជនកម្ពុជា ព្រមទាំងមន្រ្តីមូលដ្ឋានពាក់ព័ន្ធទាំងអស់។
យុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ស្ថិតក្រោមការណែនាំពីសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែង និងមានការចង្អុលបង្ហាញពីលោក ស សុខា តំណាងរាស្ដ្រមណ្ឌលព្រៃវែង ដោយមានការដឹកនាំផ្ទាល់ពីលោក ស្បោង សារ៉ាត់ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ដ លោក ជា សុមេធី អនុប្រធាន និងលោក ងិន បាណាល់ ប្រធានក្រុមការងារយុវជនគណបក្សខេត្ត។
លទ្ធផលសង្ខេបដែលយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តសម្រេចបានរួមមាន៖ គិតត្រឹមឆ្នាំ២០១៨នេះ គណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ទទួលបានសមាជិកថ្មីជាយុវជនប្រមាណជាង៣,៦០០នាក់ ដោយផ្ដោតការយកចិត្តទុកដាក់ទាំងគុណភាព និងបរិមាណ មុននឹងបញ្ចូលជាសមាជិកគណបក្ស ក្រុមការងារបានបញ្ជ្រាប និងបណ្ដុះបណ្ដាលគោលការរបស់គណបក្សទៅអ្នកទាំងនោះផងដែរ។
ដោយឡែក ចំពោះសកម្មភាពការងារមនុស្សធម៌ និងសង្គមវិញ គិតចាប់ពីឆ្នាំ២០១៦មក ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានសហការជាមួយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ស សុខា ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ មិនប្រកាន់និន្នាការនយោបាយ ជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលមានជីវភាពខ្វះខាត ដោយផ្នែកជំនាញគ្រូពេទ្យ ព្យាបាល មានចំនួន១២០រូប ក្នុងនោះមានជំងឺទូទៅ ផ្នែកកុមារ ផ្នែកមាត់ធ្មេញ ដោយព្យាបាលប្រជាពលរដ្ឋបាន១៤លើក មានចំនួន៣៣,៧៦១នាក់។
បន្ថែមលើសនេះ សិស្ស និស្សិត រស់នៅខេត្តព្រៃវែង ចំនួន២០៥នាក់ ទទួលបានអាហារូបករណ៍ទៅសិក្សានៅវិទ្យាស្ថាន សាកលវិទ្យាល័យ គ្រិះស្ថានឧត្តមសិក្សាផ្សេងៗ ចំនួន១៤ទីតាំង៕
សូមទស្សនាវីដេអូ ដែលបង្ហាញពីលទ្ធផលរបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង នៅខាងក្រោមនេះ៖