(តាកែវ)៖ លោក សុខ សូកាន បេក្ខជនតំណាងរាស្រ្តពេញសិទ្ធិមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង់ រួមជាមួយក្រុមការងារចុះជួយស្រុក គណបក្សស្រុកគិរីវង់គ្រប់លំដាប់ថ្នាក់ បានបន្តចុះឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅឃុំចំនួន៤ទៀត គឺឃុំកំពែង ឃុំរាមអណ្តើក ឃុំគោកព្រេច និងឃុំអង្គប្រាសាទ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីនៅអាណត្តិទី៦។
ថ្លែងក្នុងឱកាសនោះ លោក សុខ សូកាន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលនៅជាប់ជាមួយនឹងប្រជាជនគ្រប់កាលៈទេសៈទាំងអស់ ហើយជាគណបក្សតែមួយគត់ ដែលបានរួមសុខរួមទុក្ខ និងហ៊ានធ្វើអ្វីៗទាំងអស់ដើម្បីសេចក្តីសុខរបស់ប្រជាជន។ ការតស៊ូលះបង់ និងការយកជីវិតជាដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុជាតិនិងប្រជាជន រហូតទទួលបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ គឺជាសច្ចភាពនៃប្រវត្តិសាស្រ្តដែលមិនអាចប្រកែកបានឡើយ។
លោកបានរំលឹកថា ចាប់តាំងពីការបោះឆ្នោតដំបូងនៅឆ្នាំ១៩៩៣មក ស្រុកគិរីវង់ គឺជាមូលដ្ឋានដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាមរតកស្នាដៃដ៏ថ្លៃថ្លារបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលសម្តេចបានចង្អុលបង្ហាញ និងដឹកនាំក្រុមការងារស្រុកគិរីវង់ដោយផ្ទាល់ប្រកបដោយបញ្ញានុភាព និងចក្ខុវិស័យយ៉ាងស៊ីជម្រៅ។
លោកក៏បានអំពាវនាវដល់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ មេត្តាចលនាសាច់ញាតិបងប្អូនរបស់ខ្លួនឱ្យចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ ដើម្បីឱ្យសមាជិកបក្ស១រូប ក្លាយជាសំឡេងឆ្នោតគាំទ្រគណបក្ស១សំឡេង និងដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់អាណត្តិទី៦ និងបន្តរក្សាកេរិ៍តឈ្មោះស្រុកគិរីវង់ជាមូលដ្ឋានដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាមរតកស្នាដៃដ៏ថ្លៃថ្លារបស់សម្តេចវិបុលបញ្ញា សុខ អាន។
គិតត្រឹមថ្ងៃទី១៩នេះ អ្នកតំណាងរាស្រ្ត សុខ សូកាន បានចុះឃោសនារកសំឡេងឆ្នោតនៅគ្រប់ឃុំទាំង១២ នៃស្រុកគិរីវង់ ហើយក៏គ្រោងនឹងចុះឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅតាមភូមិទាំង១១៥ ជាបន្តបន្ទាប់ទៀតរហូតដល់ថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតផងដែរ៕