(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្រគល់ម៉ូតូចំនួន១០៩គ្រឿង ដែលជាអំណោយរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជូនដល់នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១០៩ ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។
ក្នុងពិធីនេះក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងគណៈស្នងការ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត
តំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត តំណាងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអនុប្រធានផែនជំនាញ លោក លោកស្រីនាយការិយាល័យ លោកអធិការនគរបាលស្រុកទាំង១០ លោកនាយប៉ុស្តិ៍នគរបាលស្រុក ក្រុង និងកងកម្លាំងអន្តរាគមន៍ពិសេស សរុប៣០៧នាក់។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានណែនាំដល់កម្លាំងនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្ត ត្រូវបន្ដខិតខំប្រឹងប្រែង បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួន បើទោះបីកន្លងមកកម្លាំងនគរបាលទាំងអស់ បានខិតខំប្រឹងប្រែង បំពេញភារកិច្ចរបស់ខ្លួន តាមច្បាប់កំណត់ ដោយទទួលបានលទ្ធផលល្អប្រសើរជាបន្ដបន្ទាប់មកហើយនោះ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ស្របពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ លោកបានបញ្ជាឲ្យកម្លាំងទាំងអស់ដាច់ខាតត្រូវតែការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋឲ្យខាងតែបាន ដើម្បីឲ្យដំណើរការបោះឆ្នោតដ៏ធំមួយនេះដំណើរការយ៉ាងរលូន។
ក្នុងឱកាសប្រគល់ម៉ូតូនេះដែរ លោក គួច ចំរើន បានថ្លែងផ្តាំផ្ញើដល់អស់លោកជានាយប៉ុស្តិ៍ ត្រូវចេះថែរក្សាម៉ូតូនេះឲ្យបានល្អដើម្បីប្រើប្រាស់បានយូរអង្វែងក្នុងការធ្វើដំណើរចេញល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រង រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ហើយត្រូវកាត់បន្ថយចំណុចអសកម្ម និងយកចិត្តទុកដាក់បម្រើសេវាជូនបងប្អូនប្រជាពរដ្ឋ។
បើតាមលោកអភិបាលខេត្តកំពង់ចាម ទោចក្រយានយន្តដែលជារបបថ្មីនេះ ត្រូវចុះបញ្ជីទ្រព្យសម្បត្តិរដ្ឋឲ្យបានត្រឹមត្រូវ និងត្រូវការពារដំណើរការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះឲ្យខាងតែបាន ដោយមិនត្រូវយកម៉ូតូនេះទៅប្រើប្រាស់អ្វីឲ្យខុសពីវិជ្ជាជីវៈរបស់ខ្លួន ត្រូវប្រើប្រាស់ក្នុងក្របខណ្ឌបម្រើប្រជាពលរដ្ឋ។
សូមជម្រាបថា ការប្រគល់ម៉ូតូពីសំណាក់សម្ដេចក្រឡាហោម ស ខេង នៅព្រឹកថ្ងៃទី១៨ ខែកក្កដា គឺជាលើកទីបួនហើយដែលក្រសួងមហាផ្ទៃ បានសម្រេចប្រគល់ម៉ូតូដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលបន្ថែមទៀត ដល់កងកម្លាំងក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ហើយក្រៅពីប្រគល់នូវទោចក្រយានយន្ត ក្រសួងមហាផ្ទៃ ក៏បានសម្រេចប្រគល់នូវសាំង ចំនួន១២០លីត្រ និងថវិកាចំនួន១២០០,០០០រៀល ក្នុងមួយត្រីមាសផងដែរ៕