(ភ្នំពេញ)៖ បន្ទាប់ពីបានចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យរួចមក នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង រួមដំណើរជាមួយអភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ អភិបាលរងលោក សេង គន្ធ និងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន បានចុះទៅពិនិត្យផ្ទាល់ស្ថានភាពជំនន់ទឹកភ្លៀង ដែលលិចលង់ផ្ទះប្រជាពលរដ្ឋនភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ។
បន្ទាប់មក លោកអភិបាលរាជធានីភ្នំពេញ និងមន្រ្តីក្រោមឱវាទ បានបន្តដំណើរចុះទៅពិនិត្យមើលស្ថានភាពទឹកស្ទឹងព្រែកត្នោត ដើម្បីត្រៀមវិធានការ និងត្រៀមជួយអន្តរាគមន៍ នៅពេលទឹកឡើងខ្លាំងពីខាងលើមក។
គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថានភាពទឹកស្ទឹងព្រែកត្នោត មិនទាន់ត្រូវបានប្រកាសអាសន្ននៅឡើយទេ ដោយកម្ពស់ទឹកមិនទាន់ឡើងខ្លាំងនៅឡើយ ប៉ុន្តែសម្រាប់ទឹកស្ទឹងមួយនេះ បើសិនឡើងខ្លាំងនោះ ខណ្ឌដង្កោនឹងប្រឈមខ្លាំងជាងគេ ដែលទឹកបានហូរចាក់មកផ្ទាល់ នាំឲ្យលិចផ្ទះប្រជាពលរដ្ឋដូចនៅឆ្នាំមុនយ៉ាងដូច្នេះដែរ៕