(ព្រះសីហនុ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា នឹងលើកកម្ពស់កំណាត់ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ឲ្យបានខ្ពស់ជាងពេលបច្ចុប្បន្ន។
ការប្រកាសរបស់លោកទេសរដ្ឋមន្ត្រី បានធ្វើឡើងក្នុងពេលដែលរូបលោកអញ្ជើញចុះពិនិត្យស្ថានភាពទឹកលិចកំណាត់ផ្លូវជាតិលេខ៤ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ។ ការចុះពិនិត្យស្ថានភាពទឹកលិចផ្លូវនេះ ក៏មានការអញ្ជើញចូលរួមពីអភិបាលខេត្តកំពង់ស្ពឺ លោក វី សំណាង និងអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ផងដែរ។
លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុនេះ គឺតែងតែលិចនៅពេលមានជំនន់ទឹកភ្លៀងក្នុងរដូវវស្សា ដោយសារភូមិសាស្រ្តទីនេះជាទំនាប។ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ លោកនឹងលើកកម្ពស់ទ្រូងផ្លូវកន្លែងនេះឲ្យបានខ្ពស់ជាងពេលបច្ចុប្បន្ន ព្រមទាំងសាងសង់ស្ពានជាដើម ដើម្បីបើកមុខទឹកឲ្យហូរកាត់រំដោះទឹកនៅកន្លែងនេះ។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ៤នេះ ត្រូវបានធានាគារពិភពលោកផ្តល់កម្ចីប្រមាណ ១១០លានដុល្លារអាមេរិក ដើម្បីជួសជុល និងស្តារផ្លូវនេះឲ្យប្រសើរឡើងវិញ។ ផ្លូវនេះនឹងចាប់ផ្តើមជួសជុល និងសាងសង់ឡើងវិញនាអំឡុងឆ្នាំ២០១៩ខាងមុខនេះ ដោយមានការពង្រីកទទឹងផ្លូវពី៧ម៉ែត្រ ទៅ១១ម៉ែត្រផងដែរ៕