(កំពង់ធំ)៖ ដើម្បីធានាដល់សិទ្ធិរបស់ប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតំាងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខនេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ឃុំ-សង្កាត់ ក្នុងការចេញឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោតជូនដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
លោកអភិបាលខេត្ត បានជំរុញយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានរដ្ឋបាល នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ព្រោះដោយសារប្រជាពលរដ្ឋមួយចំនួនតូច មិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួនត្រូវបានបាត់ ឬក៏ខូចជាដើម។
ក្នុងឱកាសនោះដែរ លោក សុខ លូ បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ឃុំ-សង្កាត់ ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលមានឈ្មោះក្នុងបញ្ជី ឈ្មោះបោះឆ្នោត ប៉ុន្តែមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួនត្រូវបានបាត់ ឬខូច ដោយណែនាំដល់សាមីខ្លួន ត្រូវរួសរាន់ដាក់ពាក្យស្នើសុំឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតនៅរដ្ឋបាលឃុំ-សង្កាត់សាមី។
ជាមួយគ្នានោះដែរ លោកបានណែនាំដល់អាជ្ញាធរ ឃុំ-សង្កាត់ ឲ្យយកចិត្តទុកដាក់ និងពន្លឿនការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ជូនដល់ប្រជាពលរដ្ឋ ដែលបានស្នើសុំយកទៅប្រើប្រាស់ ក្នុងការបោះឆ្នោតស្របតាមសេចក្តីណែនាំរួមលេខ ០១៨ សណន ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ រវាងក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសេចក្តីណែនាំលេខ ០៤០ គ.ជ.ប.សណន ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោកបញ្ជាក់ថា នៅសល់តែរយៈពេល ៩ថ្ងៃទៀតទេ គឺដល់ថ្ងៃបោះឆ្នោតហើយ ដូច្នេះសូមអាជ្ញាធរមូលដ្ឋាន កងកម្លំាងសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ជាពិសេសសក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ខាងមុខនេះ ឲ្យបានល្អប្រសើរ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត អញ្ជើញចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា៕