(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានដាក់ចេញ ចលនាប្រឡងប្រណាំង «រង្វាន់សម្តេចតេជោ នាយករដ្ឋមន្រ្តី សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍» លើកទី៣ ឆ្នាំ២០១៨-២០១៩ ក្នុងគោលបំណងលើកទឹកចិត្ត និងបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ផ្នែកឯកជនដែលជាសហគ្រាស ឬប្រតិបត្តិករ ឬសហគមន៍ ឬបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការលើកស្ទួយ និងអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ពិសេសគាំទ្រដល់ចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ»។
តាមការប្រកាសរបស់ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត, រង្វាន់ធុរកិច្ចបៃតងនេះមាន០៧ ប្រភេទ ដូចខាងក្រោម៖
១៖ រង្វាន់សម្រាប់ «ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការថែរក្សាអនាម័យ និងបរិស្ថាន» (Environment Award)
២៖ រង្វាន់សម្រាប់ «ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តគោលការណ៍ ៣ Rs» (3Rs Award)
៣៖ រង្វាន់សម្រាប់ ««ធុរកិច្ចដែលមានស្នាដៃឆ្នើមផ្នែកសុខុមាលភាពសង្គម និងបេតិកភណ្ឌវប្បធម៌» (Social Welfare and Cultural Heritage Award)
៤៖ រង្វាន់សម្រាប់ «ធុរកិច្ចដែលមានស្នាដៃឆ្នើមផ្នែកកន្លែងធ្វើការដែលមានភាពល្អប្រសើរ» (Best Workplace Award)
៥៖ រង្វាន់សម្រាប់ «សហគ្រិនដែលមានស្នាដៃឆ្នើម» (Entrepreneur Award)
៦៖ រង្វាន់សម្រាប់ «ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការថែរក្សាឆ្នេរសមុទ្រ» (Beach Eco-Label Award)
៧៖ រង្វាន់សម្រាប់ «ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការប្រើប្រាស់ផលិតផលខ្មែរ» (Khmer Product Usage Award)
ចលនាប្រឡងប្រណាំងធុរកិច្ចបៃតងនេះ ជាផ្នែកមួយចូលរួមដល់ការអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាលក្នុងការជំរុញការអនុវត្តគោលការណ៍ «ទំនួលខុសត្រូវសង្គម» (Corporate Social Responsibility) របស់វិស័យឯកជន ពិសេសផ្តោតលើ ការបញ្ចូលទស្សនទាននៃ «ភាពស្អាត និងបៃតង» ទៅក្នុងគំរូអាជីវកម្មរបស់ខ្លួន ការចូលរួមការងារសង្គម ការងារបរិស្ថាន ការងារស្ម័គ្រចិត្ត និងចូលរួមលើកកម្ពស់ការងារសមរម្យ (Decent jobs) ដល់បុគ្គលិក និយោជិត ជាដើម។
ប្រតិបតិ្ដករទាំងអស់ នៅតាមរមណីយដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន ទីភ្នាក់ងារទេសចរណ៍ កីឡាទេសចរណ៍ សហគមន៍ទេសចរណ៍ សាលាទេសចរណ៍ សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ និងផ្សារទំនើប អាចចូលរួមក្នុងការប្រឡងប្រណាំងនេះ ឲ្យបានផុសផុល ដោយអាចស្វែងរកព័ត៌មានលម្អិត និងចុះឈ្មោះចូលរួមប្រកួតប្រជែង (ត្រឹមចុងខែកញ្ញា ឆ្នាំ២០១៨) តាមរយៈគេហទំព័រ និងអ៊ីម៉ែល និងលេខទូរស័ព្ទដូចខាងក្រោម៖
http://www.cambodiaecobusiness.org/kh/news/b46444d474x244a443
Email: [email protected]
លេខទូរស័ព្ទ៖ +(855) 12 999 197។
គណៈកម្មការនឹងធ្វើការវាយតម្លៃស្របតាមនីតិវិធី ហើយជ័យលាភីនឹងត្រូវប្រកាសនាឱកាសទិវាជាតិទីក្រុងស្អាត ឆ្នាំ២០១៩៕