(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សមាជិកអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកងមាស និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម រួមទាំងថ្នាក់ដឹកនាំគណបក្ស បានចុះជួបសំណេះសំណាលជាមួយសមាជិកបក្ស លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្រមាណ៤០០០នាក់ នៅឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។
ពិធីនេះប្រព្រឹត្តិទៅ ក្រោមបរិយាកាសយ៉ាងស្និតស្នាលរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងសកម្មជនអ្នកគាំទ្រនៅតាមមូលដ្ឋាន ដែលសបញ្ជាក់យ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សខ្លាំង និងធំជាងគេ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល០៦ ដែលនឹងប្រព្រឹត្តឡើង នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។
នៅក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានជំរុញឱ្យសមាជិក និងប្រជាពលរដ្ឋទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍ ប្រឆាំងបដិវត្តន៍ពណ៌ ដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកាន់តែសម្បូររុងរឿង និងធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើកគ្រប់វិស័យផងដែរ។
លោកបានលើកឡើងថា ចាប់តាំងថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជា បានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋររហូតដល់សព្វថ្ងៃនេះ។ មិនតែប៉ុណ្ណោះទីណាមានទុក្ខទីនោះមានថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាជានិច្ចផងដែរ៕