(ភ្នំពេញ)៖ និវត្តជន ជនពិការ និងបាត់បង់សមត្ថភាពការងារចំនួន២៧១នាក់ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ ត្រូវប្រកាសបញ្ចូលក្របខ័ណ្ឌយោធា បំពាក់ឋានន្តរស័កិ្ត និងបំពាក់គ្រឿងឥស្សរយយស។
ពិធីនេះរៀបចំឡើងនៅទីបញ្ជាការដ្ឋានស៊ីម៉ាក់រាជធានីភ្នំពេញ ក្រោមអធិបតីភាពឧត្តមសេនីយ៍ ហ៊ុន ម៉ានិត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
លោក ហេង រតនា បានបញ្ជាក់ប្រាប់ Fresh News ថា បងប្អូនជានិវត្តជន ពិការ និងបាត់បង់សមត្ថភាពការងារ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចំនួន២៧១នាក់ ត្រូវទទួលបញ្ចូលក្របខ័ណ្ឌ បំពាក់ឋានន្តរស័កិ្ត និងបំពាក់គ្រឿងឥស្សរយយស នៅថ្ងៃសុក្រ ទី២០ ខែកក្កដានេះ គឺជាប្រកាស និងបំពាក់ឋានន្តរស័ក្តិជំហានទី១ នៅមានជំហានបន្តបន្ទាប់ទៀត។
សូមជម្រាបថា អតីតមន្ត្រីបុគ្គលិកដែលបានចូលនិវត្តន៍ អ្នកបាត់បង់លទ្ធភាពពលកម្ម ពិការ ឬគ្រួសារនៃអ្នកដែលបានស្លាប់ ឬពលីកន្លងមករបស់អង្គភាពស៊ីម៉ាក់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចូលក្របខណ្ឌ ក្នុងកងយោធពលខេមរភូមិន្ទ ប្រយោជន៍ដើម្បីទទួលបានគោលរបបសោធន៕