(ភ្នំពេញ)៖ រថភ្លើងជាមធ្យោបាយដ៏ពេញនិយមមួយនៅក្នុងសម័យអាណានិគមនិយមបារាំង ក៏ដូចជាក្នុងសម័យសង្គ្រាមរាស្ត្រនិយម និងក្នុងអំឡុងទសវត្សរ៍ឆ្នាំ៨០ ដល់ឆ្នាំ២០០០ សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវធ្វើដំណើរពីភ្នំពេញ ឆ្ពោះទៅបន្ទាយមានជ័យ ឬពីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ព្រោះតែពេលនោះខ្មែរមិនទាន់សម្បូរមធ្យោបាយសម្រាប់ធ្វើដំណើរនោះឡើយ។ ប៉ុន្តែចាប់តាំងពីអំឡុងឆ្នាំ២០០៦មក រថភ្លើងមិនត្រូវបានដាក់ឲ្យដំណើរការទេ ព្រោះតែសភាពទ្រុឌទ្រោមនៃផ្លូវដែក។
ទើបតែប៉ុន្មានចុងក្រោយនេះផ្លូវដែកពីភ្នំពេញ ទៅព្រះសីហនុ បានដាក់ឲ្យប្រើប្រាស់ ហើយនៅឆ្នាំ២០១៨នេះ ផ្លូវដែកភាគខាងជើងរាជធានីភ្នំពេញ ពោលគឺផ្លូវដែក ពីភ្នំពេញ ទៅដល់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏បានដាក់ឲ្យដំណើរការឡើងវិញផងដែរ។ ការដាក់ឲ្យដំណើរការឡើងផ្លូវដែកភ្នំពេញ-ប៉ោយប៉ែត បានធ្វើឲ្យប្រជាពលរដ្ឋធ្លាប់បានប្រើប្រាស់ផ្លូវដែកនេះពីអតីតកាលរលឹកឃើញអនុស្សាវរីយ៍ជាច្រើនជាមួយខ្សែផ្លូវដែកមួយនេះ។
មកដល់សម័យកាលបច្ចុប្បន្នព្រោះតែភាពសម្បូរបែបនៃមធ្យោបាយក្នុងការធ្វើដំណើរដូច្នេះមានពលរដ្ឋខ្មែរមិនច្រើនទេ ដែលជ្រើសយកការធ្វើដំណើរតាមរថភ្លើងក្នុងការធ្វើដំណើរទៅខេត្តព្រះសីហនុ ឬទៅខេត្តបាត់ដំបង បន្ទាយមានជ័យ ឬទៅក្រុងប៉ោយប៉ែតជាដើមនោះ។
ព្រោះតែចង់បំផុសឲ្យមានការចាប់អារម្មណ៍ចំពោះផ្លូវដែករបស់កម្ពុជា និងបានដឹងពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្តារផ្លូវដែកឡើងវិញផងនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ បាននាំប្រជាពលរដ្ឋក្នុងស្រុកកោះធំប្រមាណជា ៦០០នាក់ មកស្គាល់រសជាតិនៃការធ្វើដំណើរតាមរថភ្លើងដោយធ្វើដំណើរចេញពីភ្នំពេញ រហូតដល់ខេត្តកំពង់ឆ្នាំង។
ជាមួយការធ្វើដំណើរតាមផ្លូវរថភ្លើងជាលើកដំបូងនោះ គេសង្កេតឃើញពួកគេបង្ហាញទឹកមុខញញឹមញញែមបង្កប់នូវក្តីសប្បាយរីករាយចេញពីក្នុងបេះដូង។ អ្វីដែលគួរឲ្យកត់សម្គាល់នៅតាមទូរថភ្លើងនីមួយៗ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដើរដេញហ្គីតា និងច្រៀងចម្រៀងអនុស្សាវរីយ៍មួយចំនួននៅក្នុងស្រុកកោះធំ ដែលជាបទថ្មីថែមទៀតនោះ បានធ្វើឲ្យបរិយាកាសនៃការធ្វើដំណើរនោះកាន់តែរីករាយ និងស្រស់ស្រាយថែមទៀត។
ក្នុងចំណោមប្រជាពលរដ្ឋមកពីស្រុកកោះធំនោះភាគច្រើនបំផុតមិនដែលបានស្គាល់ការធ្វើដំណើរតាមរថភ្លើងនោះឡើយ។ តាមរយៈការធ្វើដំណើរតាមរថភ្លើងជាលើកដំបូងនេះ បានធ្វើឲ្យពួកគេរំភើប លាយឡំជាមួយក្តីសប្បាយរីករាយជាខ្លាំង។
លោកទេសរដ្ឋ ស៊ុន ចាន់ថុល បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ការរៀបចំដំណើរកម្សាន្តតាមរថភ្លើងជូនអ្នកស្រុកកោះធំ ដែលជាស្រុកកំណើតរបស់លោកនេះ គឺក្នុងបំណងឲ្យប្រជាពលរដ្ឋបានស្គាល់ពីការធ្វើដំណើរតាមរថភ្លើង និងចង់បំផុសស្មារតីរបស់ពួកគេឲ្យគាំទ្រដល់ការធ្វើដំណើរតាមរថភ្លើង ដែលជាមធ្យោបាយដឹកជញ្ជូនដ៏មានសារៈសំខាន់មួយនៅកម្ពុជា។
បន្ថែមពីលើនោះ គឺចង់ឲ្យប្រជាពលរដ្ឋស្រុកកោះធំ បានមើលឃើញផងដែរពីការរីកចម្រើនរបស់ប្រទេសជាតិ និងការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ព្រមទាំងការស្តារឡើងវិញផ្លូវដែករបស់កម្ពុជា។
តាមការសាកសួររបស់អ្នកព័ត៌មានអង្គភាពព័ត៌មាន Fresh News ប្រជាពលរដ្ឋដែលបានជិះរថភ្លើងបានចាប់អារម្មណ៍ខ្លាំងចំពោះការធ្វើដំណើរតាមផ្លូវរថភ្លើងនេះ ដូចជាតាមទូនីមួយៗបំពាក់ដោយម៉ាស៊ីនត្រជាក់ និងកន្លែងអង្គុយសុទ្ធតែជាពូក មិនមែនអង្គុយហាលខ្យល់ដូចរថភ្លើងពីអតីតកាលនោះឡើយ។ អ្នកធ្វើដំណើរទាំងអស់ក៏ចាប់អារម្មណ៍ផងដែរចំពោះការធ្វើដំណើរតាមរថភ្លើងនេះ ព្រោះបានទស្សនា និងគយគន់ទេសភាពវាលស្រែវាលស្រូវ និងព្រៃព្រឹក្សានានា ដែលកំពុងបញ្ចេញពណ៌ខៀវខ្ចីស្រងាត់ក្នុងរដូវវស្សា។
សូមទស្សនាវីដេអូទិដ្ឋភាពដ៏សប្បាយរីករាយ នៅតាមទូរថភ្លើង និងសម្រស់ទេសភាពនៅតាមដងផ្លូវរថភ្លើង ពីភ្នំពេញទៅកាន់ខេត្តកំពង់ឆ្នាំង៖