(ម៉ូស្គូ)៖ ទោះបីជាជំនួបកំពូលផ្លូវការជាលើកដំបូងរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រព្រឹត្តទៅអមដោយកំហឹងឆេះរោលនៅក្នុងសហរដ្ឋអាមេរិកក៏ដោយ ក៏លោក ត្រាំ នៅតែអះអាងថា លោកចង់ជួបលោក ពូទីន បែបនេះជាលើកទីពីរទៀត។ នេះបើតាមការចេញផ្សាយដោយ Sputnik នាយប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨។
អាចថាទោះបីជាបរិយាកាសនៅក្នុងកិច្ចប្រជុំមួយថ្ងៃ រវាងលោក ត្រាំ និងលោក ពូទីន នៅទីក្រុងហែលស៊ីនគី ប្រទេសហ្វាំង មានសភាពល្អប្រសើរ និងប្រកបដោយសន្តិសុខពេញលេញក៏ដោយ ប៉ុន្តែនៅសហរដ្ឋអាមេរិកឯណោះវិញ ទាំងសមាជិកសភានៃបក្សសាធារណរដ្ឋរបស់លោក ត្រាំ និងបក្សប្រជាធិតេយ្យមួយចំនួន សុទ្ធតែបានបង្ហាញការមិនពេញចិត្ត ដោយបានធ្វើការរិះគន់លោក ត្រាំ មិនសំចៃមាត់នោះឡើយ។
សម្រាប់ការងើបឡើងរិះគន់ ត្រាំ នោះគឺដោយសារតែការនិយាយមិនច្បាស់លាស់របស់លោក ត្រាំ ផ្ទាល់ថា លោកនឹងមិនជឿនោះឡើយថា រុស្ស៊ីជាអ្នកលូកលាន់ការបោះឆ្នោតនៅអាមេរិកកាលពីឆ្នាំ២០១៦ ប៉ុន្តដោយមើលឃើញកំហឹងឆាបឆួល រហូតដល់មតិខ្លះបានលើកឡើងថា លោក ដូណាល់ ត្រាំ បានក្បត់ជាតិខ្លួនឯងទៅគាំទ្រសត្រូវនោះ ទើបមកដល់ស្រុកវិញ លោក ត្រាំ បានក្រឡាស់សម្តីរបស់ខ្លួនភ្លាមៗ ដោយបង្ហាញជំហរគាំទ្រទៅក្រុមស៊ើបអង្កេតពិសេសអាមេរិក និងទីភ្នាក់ងារ FBI វិញ។
គួរបញ្ជាក់ថា ទោះបីជាជំនួប ត្រាំ-ពូទីន ជាលើកទីពីរត្រូវបានគេមើលឃើញថា មិនងាយនឹងកើតឡើងក៏ដោយ ក៏ខាងរុស្ស៊ីឯណេះវិញ គឺបានបើកភ្លើងខៀវចោល២៤ម៉ោងទៅហើយ ព្រោះរុស្ស៊ីចង់មានទំនាក់ទំនងល្អ ជាមួយសហរដ្ឋអាមេរិកឡើងវិញ ដើម្បីបន្ធូរបន្ថយគំនាបសេដ្ឋកិច្ច ដែលខ្លួនបានទទួលរងប៉ុន្មានឆ្នាំមកនេះ៕