(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទីទី១៩ ខែកក្កដា ឆ្នំា២០១៨នេះ រដ្ឋបាលរខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំដាក់ឱ្យដំណើរការអង្គភាពច្រកចេញចូលតែមួយរបស់សាលាខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៣ ខែកក្កដា ឆ្នំា២០១៨ខាងមុខនេះ។
លោក យន្ត មីន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ការដាក់ឱ្យដំណើរការអង្គភាពច្រក ចេញចូលតែមួយរបស់សាលាខេត្តព្រះសីហនុនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ក្នុងគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ តាមរយៈនៃការប្រមូលផ្តុំ ការផ្តល់សេវារដ្ឋបាលលើវិស័យនានា នៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបបានទាន់ពេលវេលា ទៅនឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា ការអនុវត្តន៍នូវអនុក្រឹត្យ និងលិខិតបទដ្ឋាន ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ក្នុងការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក យន្ត មីន បានបន្តថា «ការបើកឲ្យមានអង្គភាពច្រកចេញចូលតែមួយ នៅខេត្តព្រះសីហនុ គឺដើម្បីឲ្យប្រជាពលរដ្ឋមកទទួលសេវាកាន់តែងាយស្រួល នៅច្រកចេញចូលសាលាខេត្តព្រះសីហនុ»។
លោកអភិបាលខេត្ត បានរំលឹកមន្ត្រីត្រូវតែខិតខំបំរើសេវាប្រកបដោយគុណភាព តម្លាភាពជូនប្រជាពលរដ្ឋ និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត មានការរំពឹងថា មន្ត្រីដែលមានភារកិច្ចនៅអង្គភាពច្រកចេញចូលតែមួយនេះ នឹងបំពេញភារកិច្ចរបស់ខ្លួនដោយឈរលើ មនសិការ ឆន្ទៈ ការទទួលខុសត្រូវខ្ពស់ ចំពោះការបម្រើប្រជាពលរដ្ឋ ស្របពេលដែលខេត្តព្រះសីហនុ កំពុងតែមានការអភិវឌ្ឍរីកចម្រើនយ៉ាងលឿននាពេលនេះ៕