(កំពង់ធំ)៖ លោក ងួន ញ៉ិល ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានថ្លែងថា ប្រទេសកម្ពុជា គឺជាប្រទេសដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលធ្វើការកំណត់អាណត្តិបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តចំនួន៥អាណត្តិរួចមកហើយ ក្នុងនោះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ គឺជាការបោះឆ្នោតអាណត្តិទី៦ ដែលជាដំណើរឆ្ពៅទៅរកសន្តិភាព និងការអភិវឌ្ឍ។
ការថ្លែងរបស់លោក ងួន ញ៉ិល ត្រូវបានធ្វើឡើងក្នុងឱកាសបន្ដជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
លោក ងួន ញ៉ិល បានបញ្ជាក់ថា ប្រទេសកម្ពុជា អាចរក្សាបាននូវសេចក្តីសុខសន្តិភាពពិតប្រាកដ គឺដោយសារតែគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលលះបង់កម្លាំងកាយចិត្ត សាច់ស្រស់ ឈាមស្រស់ ក្នុងការបង្រួបបង្រួមជាតិ។ ជាពិសេស គឺមានការជួយគាំទ្រពីប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន ដែលពេញចិត្ត និងធ្វើការបោះឆ្នោតគាំទ្រលើគណបក្សប្រជាជនកម្ពុជា ឲ្យបន្តដឹកនាំតាមគន្លងសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍទាំងពេលបច្ចុប្បន្ន និងទៅអនាគត។
ប្រធានក្រុមការងារចុះជួយខេត្តកំពង់ធំរូបនេះ បានលើកឡើងទៀតថា ប្រផ្នូលដែលប្រជាពលរដ្ឋទាំងអស់គ្នាគិតមិនដល់នោះ គឺនៅក្នុងអាណត្តិទី៦នេះ គណបក្សនយោបាយ ដែលមានក្នុងសន្លឹកឆ្នោតធ្វើការប្រកួតប្រជែងទាំងការឃោសនា និងស្វែងរកសន្លឹកឆ្នោត និងអនុញ្ញាត្តិឲ្យប្រជាពលរដ្ឋគូលជ្រើសរើសនោះ គឺមាន២០គណបក្សនយោបាយ ហើយគណបក្សប្រជាជនកម្ពុជា ស្ថិតនៅលេខរៀងទី២០ ដែលជាលេខរៀងកូនពៅ ត្រូវមានភារកិច្ចថែរក្សា និងដឹកនាំប្រទេសជាតិបន្តទៀត ហើយសញ្ញាណនេះធ្វើឲ្យប្រជាពលរដ្ឋដែលទៅបោះឆ្នោត ងាយចាំ ងាយគិត និងងាយគូសផងដែរ៕