(ពោធិ៍សាត់)៖ បន្ទាប់ពីបាត់ខ្លួនរយៈពេលមួយថ្ងៃរបស់ជនរងគ្រោះឈ្មោះ ជៀម ប៊ុនធឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជាអ្នកនេសាទម្នាក់ ក៏ត្រូវបានក្រុមគ្រួសារប្រទះឃើញស្លាប់អណ្តែតទឹក នៅចំណុចល្បាំងលបតាគី ស្ថិតក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៧ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ។

បងស្រី ម៉ា សាវឿន អាយុ៣៣ឆ្នាំ មានកូន៣នាក់ ក្នុងបន្ទុក រស់នៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវជាប្រពន្ធជនរងគ្រោះបានប្រាប់ឱ្យដឹងថា នៅថ្ងៃទី១៧ បុរសរងគ្រោះជាប្តីបានផឹកស្រវឹង រួចក៏ទៅលើកលបនៅចំណុចកើតហេតុខាងលើ អស់រយៈពេលពេញមួយថ្ងៃ មិនឃើញប្តីរបស់គាត់ត្រឡប់មកផ្ទះវិញ រហូតដល់ថ្ងៃទី១៨ ក្រុមគ្រួសារក៏នាំគ្នាទៅរកនៅចំណុចខាងលើ ស្រាប់តែប្រទះឃើញសាកសពបុរសរងគ្រោះជាប្តី ស្លាប់អណ្តែតទឹក ក៏មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានចុះដល់កន្លែងកើតហេតុតែម្តង។

លោកវរសនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ឱ្យដឹងថា បើតាមការពិនិត្យរបស់សមត្ថកិច្ចលើខ្លួនសាកសពបុរសរងគ្រោះបានសន្និដ្ឋាន ការស្លាប់នេះដោយករណីជនរងគ្រោះស្រវឹង ហើយអោនលើកក៏ធ្លាក់ពីលើទូកចូលទឹកបណ្តាលឱ្យស្លាប់តែម្តង។

ក្រោយពីការពិនិត្យយ៉ាងយកចិត្តទុកដាក់របស់សមត្ថកិច្ចជំនាញ សពបុរសរងគ្រោះត្រូវក្រុមគ្រួសារយកមកលំនៅដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី៕