(ភ្នំពេញ)៖ ព្រះករុណាព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានសព្វព្រះរាជហឬទ័យ ប្រោសប្រទាន គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ដល់នាយកក្រុមហ៊ុន អេសស៊ីជី (SCG) ប្រចាំប្រទេសកម្ពុជា។
SCG គឺជាពហុសាជីវកម្មឈានមុខគេ នៅក្នុងតំបន់អាស៊ាន ដើម្បីជាការទទួលស្គាល់ ចំពោះកម្មវិធីទំនួលខុសត្រូវ សង្គមរបស់ក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជា។
សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ បួរ គ្រី ព្រះរាជតំណាងព្រះមហាក្សត្រ បានយាងនិមន្តអញ្ជើញចូលរួម ក្នុងពិធីប្រគល់គ្រឿងឥស្សរិយយសនេះ ដល់លោក ស៊ុមវ៉ាង ម៉ានភីម៉ុនឆាយ (Somwang Manpimonchai) នាយកក្រុមហ៊ុនអេសស៊ីជីប្រចាំប្រទេសកម្ពុជា ដែលបានចាត់ទុកថា គ្រឿងឥស្សរិយយសនោះ គឺជាកិតិ្តយសដ៏ធំធេងសម្រាប់ក្រុមហ៊ុន។
លោក ស៊ុមវ៉ាង បានថ្លែងថា «ការទទួលបានការទទួលស្គាល់ ពីព្រះមហាក្សត្រ ចំពោះការងារសង្គម និងការងារអភិវឌ្ឍន៍សហគមន៍ នៅក្នុងប្រទេសកម្ពុជានេះ គឺមិនត្រឹមតែជាការលើកទឹកចិត្តដ៏ធំធេង សម្រាប់រូបខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគ្រឿងលើកទឹកចិត្ត សម្រាប់បុគ្គលិកទាំងអស់គ្នា នៅឯក្រុមហ៊ុនអេសស៊ីជីផងដែរ។ ក្នុងនាមជាបុគ្គលិកក្រុមហ៊ុន អេសស៊ីជី មិនត្រឹមតែយកចិត្តទុកដាក់ លើការធ្វើអាជីវកម្មឲ្យទទួលជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែក៏យកចិត្តទុកដាក់ ចំពោះភាពចម្រុងចម្រើន នៃសហគមន៍ដែលយើងកំពុងធ្វើប្រតិបត្តិការអាជីវកម្មផងដែរ»។
លោកបានថ្លែងបន្តទៀតថា «នៅក្នុងក្រុមហ៊ុនអេសស៊ីជី យើងទាំងអស់គ្នាសុទ្ធតែមានសេចក្តីតាំងចិត្ត ក្នុងការធ្វើជាក្រុមហ៊ុនអាជីវកម្មល្អ តាមរយៈការដាក់ចេញនូវកម្មវិធីទំនួលខុសត្រូវសង្គមផ្សេងៗ ដូចជា ការផ្ដល់អាហារូបករណ៍ដល់សិស្សពូកែ ការបរិច្ចាគផ្សេងៗ ក៏ដូចជាការអភិវឌ្ឍវិស័យកីឡាជាដើម»។
កាលពីពេលថ្មីៗ បុគ្គលិក និងដៃគូផ្គត់ផ្គង់របស់អេសស៊ីជី ក៏បានធ្វើការបរិច្ចាគប្រាក់ជាលើកទីពីរ ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីគាំទ្រដល់ប្រតិបត្តិការសង្គ្រោះជីវិតកុមារនៅកម្ពុជា ហើយក្រុមហ៊ុនក៏បានបន្តការគាំទ្រ ដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីជួយអភិវឌ្ឍកីឡាបាល់ទាត់ ក្នុងចំណោមយុវជននៅកម្ពុជា ៕