(ភ្នំពេញ)៖ និវត្តជន ជនពិការ និងបាត់បង់សមត្ថភាពការងារចំនួន២៧១នាក់ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) នឹងត្រូវប្រកាសបញ្ចូលក្របខ័ណ្ឌយោធា បំពាក់ឋានន្តរស័កិ្ត និងបំពាក់គ្រឿងឥស្សរយយស នៅថ្ងៃស្អែកនេះ។
ពិធីនេះរៀបចំនៅទីបញ្ជាការដ្ឋានស៊ីម៉ាក់រាជធានីភ្នំពេញ ក្រោមអធិបតីភាពឧត្តមសេនីយ៍ ហ៊ុន ម៉ានិត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
លោក ហេង រតនា បានបញ្ជាក់ប្រាប់ Fresh News នៅរសៀលថ្ងៃទី១៩ ខែកក្កដានេះថា «សូមអបអរសាទរជូនបងប្អូនជានិវត្តជន ពិការ និងបាត់បង់សមត្ថភាពការងារ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចំនួន២៧១នាក់ជំហានទី១ ដែលត្រូវទទួលបញ្ចូលក្របខ័ណ្ឌ បំពាក់ឋានន្តរស័កិ្ត និងបំពាក់គ្រឿងឥស្សរយយស នៅថ្ងៃសុក្រ ទី២០ ខែកក្កដាស្អែកនេះ ក្រោមអធិបតីភាពឧត្តមសេនីយ៍ ហ៊ុន ម៉ានិត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត»។
សូមជម្រាបថា អតីតមន្ត្រីបុគ្គលិកដែលបានចូលនិវត្តន៍ អ្នកបាត់បង់លទ្ធភាពពលកម្ម ពិការ ឬគ្រួសារនៃអ្នកដែលបានស្លាប់ ឬពលីកន្លងមករបស់ស៊ីម៉ាក់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចូលក្របខណ្ឌ ក្នុងកងយោធពលខេមរភូមិន្ទ ប្រយោជន៍ដើម្បីទទួលបានគោលរបបសោធន៕