(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានឆ្លើយតបទៅកាន់ លោក Wong Chen ដែលបានចេញសេចក្ដីថ្លែងការណ៍ បង្ហាញពីការព្រួយបារម្ភចំពោះស្ថានភាពនយោបាយនៅកម្ពុជា។ លោកចាត់ទុកថា សេចក្តីថ្លែងការណ៍របស់តំណាងរាស្ដ្រមណ្ឌលតូចមួយ នៅប្រទេសម៉ាឡេស៊ីនេះ គឺគ្រាន់តែជាក្ដីបារម្ភរបស់បុគ្គលមួយ ដែលមាននិន្នាការនយោបាយប្រឆាំងកម្ពុជាតែប៉ុណ្ណោះ។
លោក ផៃ ស៊ីផាន បានថ្លែងយ៉ាងដូច្នេះថា «ការឆ្លើយតបរបស់ខ្ញុំចំពោះលោក Wong Chen ដែលលើកឡើងពីសេចក្តីបារម្ភ ចំពោះស្ថានភាពនយោបាយ នៅកម្ពុជា ដែលចេញជាសេចក្តីថ្លែងការណ៍នោះ គឺជាក្តីបារម្ភរបស់បុគ្គល ដែលមាននិន្នាការនយោបាយប្រឆាំងនឹងកម្ពុជាប៉ុណ្ណោះ»។
បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា, ការលើកឡើងរបស់តំណាងរាស្ត្រម៉ាឡេស៊ី ដែលថា ម៉ាឡេស៊ីក៏មានកាតព្វកិច្ច ចូលរួមការពារ និងលើកតម្កើនលទ្ធិប្រជាធិបតេយ្យ នៃសមាគមប្រជាជាតិសមាជិកអាស៊ាននោះ ជាការយល់ច្រឡំធំមួយ ដែលមិនយល់ច្បាស់ និងរំលោភគោលការណ៍ នៃសមាគមប្រជាជាតិអាស៊ាន ដែលមិនលូកលាន់ផ្ទៃក្នុង របស់សមាជិកប្រជាជាតិណាមួយនៅក្នុងតំបន់អាស៊ាន។
មន្ដ្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា «លោក Wong Chen មិនបានតាមដានពិតប្រាកដ នៃដំណើរការរបស់អាស៊ាន ជារួមស្តីពីការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនោះឡើយ។ រាល់កិច្ចប្រជុំកំពូលអាស៊ានម្តងៗ សមាគមអាស៊ាន បានលើកឡើងអំពីគោលការណ៍ និងយន្តការណ៍ច្បាស់លាស់ នៃការសម្រេចក្នុងកិច្ចអនុវត្ត នៅក្នុងវិស័យសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជារួមនេះ។ ដូច្នេះការលើកឡើងរបស់បុគ្គលរូបនេះ មិនត្រឹមតែបង្ហាញ ភាពក្រអឺតក្រទម និងភាពល្ងង់ខ្លៅ នៅក្នុងក្រមសីលធម៌របស់សមាគមអាស៊ានតែប៉ុណ្ណោះទេ គឺបង្ហាញនូវការតាំងខ្លួនជាមេកាង មិនអៀនខ្មាស់នៅក្នុងតំបន់ (អនុត្តរៈ)»។
លោក ផៃ ស៊ីផាន សូមរំលឹកដល់លោក Wong Chen ដែលមកពីគណបក្ស People's Justice Party (PKR) គឺលោកគ្រាន់តែជាតំណាងរាស្ត្រក្នុងមណ្ឌលតូចមួយរបស់លោកតែប៉ុណ្ណោះលោកគ្មានរូបភាព ឬអំណាចណាដែលមានឥទ្ធិពលដល់កម្ពុជានោះឡើយ។ ដូច្នេះសូមលោកប្រឹងប្រែងអភិវឌ្ឍ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅក្នុងប្រទេសរបស់លោក Malaysia តែមួយគត់ ដែលជាដែនសមត្តកិច្ចរបស់លោកនោះទៅ។
លោក ផៃ ស៊ីផាន បានគូសបញ្ជាក់ថា អាស៊ានមានគោលការណ៍ និងយន្តការណ៍ក្នុងការអភិវឌ្ឍ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅក្នុងតំបន់ ដើម្បីរក្សាឯកភាព នៃប្រជាជាតិអាស៊ាន និងរក្សាតម្លៃអាស៊ានខុសពីភាពវងេ្វងរបស់លោក Wong Chen៕