(ភ្នំពេញ)៖ លោក ជា ពិសី សមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ បានដឹកនាំលោក-លោកស្រី ចៅសង្កាត់ ព្រមទាំងមន្ត្រីរាជការ បុគ្គលិក សាលាខណ្ឌ និងមេភូមិ ដើម្បីចុះសួសុខទុក្ខសំណេះសំណាល និងជម្រុញឲ្យប្រជាពលរដ្ឋតាមខ្នងផ្ទះ ត្រៀមទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះជូន «គណបក្សប្រជាជនកម្ពុជា» គាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តធ្វើនាយករដ្ឋមន្ត្រី នៅអាណត្តិទី៦ និងអាណត្តិក្រោយៗ ជាបន្តបន្ទាប់ទៀត។
លោក ជា ពិសី បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននិងកំពុងជំរុញប្រាក់បៀវត្សរ៍មន្រ្តីរាជការកើនឡើងជាបន្តបន្ទាប់ ប្រាក់សោធនិវត្តន៍ក៏បានកើនឡើង ហើយប្រាក់ឈ្នួលរបស់កម្មករ នៅក្នុងវិស័យកាត់ដេរ ក៏បានកើនឡើងផងដែរ។
អនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ រូបនេះបានបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសមានការអភិវឌ្ឍរីកចម្រើនជឿនលឿន ផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ពោលបានប្រែក្លាយពីប្រទេសក្រីក្រ ឈានមកជាប្រទេសមានចំណូលមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន ហើយកំពុងប្រឹងប្រែងជំរុញ ឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកអនុប្រធានគណបក្សបានលើកឡើងបន្តថា ដើម្បីបន្តរក្សាបានភាពរីកចម្រើន របស់ប្រទេសកម្ពុជាទៅមុខបន្តទៀត ជាពិសេសរក្សាបាននូវសុខសន្តិភាពនោះ ប្រជាពលរដ្ឋត្រូវទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសដែលខ្លួនស្រឡាញ់ និងពេញចិត្ត ត្រូវចំណាំលេខរៀងរបស់គណបក្សប្រជាជនកម្ពុជា ឲ្យបានច្បាស់គឺលេខ២០ ជាលេខនាំមកសុខសន្តិភាព និង ការរីកចម្រើនឥតឈប់ឈរ៕