(ភ្នំពេញ)៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ពិធីបដិសណ្ឋារកិច្ចអបអរសាទរខួបទី ៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា ដែលសហការរៀបចំដោយ សមាគមប្រជាជនចិន សម្រាប់មិត្តភាពជាមួយបរទេសនៃប្រទេសចិន និងស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសចិន បានប្រារព្ធធ្វើនៅក្រុងប៉េកាំង។
លោក វ៉ាងយី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន, លោកស្រី ខែក កែមាលីស៊ីសូដា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសចិន បានអញ្ជើញ ចូលរួមពិធីបដិសណ្ឋារកិច្ចព្រមទាំងថ្លែងសុន្ទរកថា។ លោកស្រី Li Xiaolin ប្រធានសមាគមប្រជាជនចិនសម្រាប់មិត្តភាពជាមួយបរទេសនៃប្រទេសចិន, លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ឥស្សរជនមេត្រីភាពមកពីគ្រប់មជ្ឈដ្ឋាន និងអង្គទូតបរទេសប្រចាំនៅប្រទេសចិន សរុបជិត៣រយនាក់ បានចូលរួមបដិសណ្ឋារកិច្ចលើកនេះ។
លោក វ៉ាងយី បានថ្លែងថា ៦០ឆ្នាំកន្លងមកនេះ ទោះជាសភាពការណ៍អន្តរជាតិកើតមានការបម្រែបម្រួលដ៏ធំយ៉ាងណា ក៏ដោយតែចំណងមិត្តភាពរវាងប្រជាជនចិន និងកម្ពុជា គឺរឹងមាំជាប់រហូត ឆ្លងកាន់ពេលវេលាកាន់តែយូរកាន់តែរឹងមាំ។ ជឿជាក់ថា ឲ្យតែយើងខិតខំជាមួយគ្នា ចំណងមេត្រីភាពរវាងចិននិងកម្ពុជានឹងអាចរក្សាកម្លាំងរស់រវើកជានិច្ចនិរន្តរ៍។ ក្រៅពីនេះប្រទេសចិនក៏សង្ឃឹម និងជឿជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ របស់ប្រទេសកម្ពុជានឹងប្រព្រឹត្តទៅដោយរលូន។
លោកស្រី ខែក កែមាលី ស៊ីសូដា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានផ្តល់ជំនួយ និងការគាំទ្រចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជាជាប់រហូតមក សង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា និងចិនទទួលបានសមិទ្ធផលកាន់តែច្រើនថែមទៀតក្រោមក្របខ័ណ្ឌ «ខ្សែក្រវាត់មួយនិងផ្លូវមួយ»។
ក្នុងបដិសណ្ឋារកិច្ច លោក វ៉ាងយីនិងលោកជំទាវ ខែក កែមាលីស៊ីសូដា បានរួមគ្នាបើកស្រោមសំបុត្ររំលឹកខួបអនុស្សាវរីយ៏លើកទី ៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា ព្រមទាំងបានរួមគ្នាកាត់នំខេកផងដែរ។ ក្រៅពីនេះ ភាគីរៀបចំកម្មវិធីក៏បានអញ្ជើញក្រុមរបាំព្រះរាជាទ្រព្យនៃប្រទេសកម្ពុជាឲ្យចូលរួមសម្តែងរបាំប្រពៃណីខ្មែរផងដែរ៕