(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា និងជាបេក្ខភាពនាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសប្តូរផ្តាច់ដឹកនាំស្ថាប័ននីតិប្រតិបត្តិរបស់ជាតិ និងធានាអនុវត្តសម្រេចឲ្យបានជោគជ័យនូវកម្មវិធីនយោបាយ និងគោលដៅធំៗជាយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាដែលបានដាក់ចេញ ប្រសិនបើគណបក្សប្រជាជនកម្ពុជាបន្តឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាលនៅអាណត្តិទី៦។
ក្នុងសុន្ទរកថាបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន រដ្ឋបុរសដែលបានដឹកនាំកម្ពុជា ៣៣ឆ្នាំមកហើយនោះ ក៏បានប្រកាសផងដែរថា នឹងពង្រឹងជាធ្លុងសាមគ្គីភាពនៃប្រជាជាតិទាំងមូល ក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយឥតប្រកាន់ពូជសាសន៍, ពណ៌សម្បុរ, ភេទ, ភាសា, ជំនឿ, សាសនា, និន្នាការនយោបាយ, ដើមកំណើតជាតិ, ឋានៈសង្គម, ធនធាន ឬ ស្ថានភាពឯទៀត ដើម្បីការពារមាតុភូមិ ការពាររាល់សមិទ្ធផលរបស់ជាតិ និងបន្តការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសបន្តពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ឲ្យចាក់គ្រឹះកាន់តែរឹងមាំពីថ្នាក់ជាតិរហូត ដល់មូលដ្ឋានធានាការពារលើកស្ទួយសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាជន ពង្រឹងការគោរពច្បាប់ និងយុត្តិធម៌សង្គម។
ប្រមុខបក្សកំពុងដឹកនាំរាជរដ្ឋាភិបាល ក៏បានប្រកាសដែរថា បើទទួលបានការគាំទ្រពីប្រជាពលរដ្ឋហើយបន្តឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាលក្នុងអាណត្តិថ្មី ក៏នឹងបន្តប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចឲ្យសម្រេចបានកំណើនក្នុងរង្វង់ ៧ភាគរយក្នុងមួយឆ្នាំ ប្រកបដោយចីរភាព និងបរិយាប័ន្ន បែងចែកផ្លែផ្កាកំណើសេដ្ឋកិច្ចដោយសមធម៌ បន្តកាត់បន្ថយអត្រាភាពក្រីក្រឲ្យបានជាង ១ភាគរយ ក្នុងមួយឆ្នាំ៕