(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី នៅទូទាំងប្រទេសកម្ពុជា ស្ដីពីការត្រៀមបង្ការ ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្ដរាយទឹកជំនន់ ដែលបាននិងកំពុងកើតឡើងនៅពេលនេះ។ នេះបើយោងតាមសេចក្ដីណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច នារសៀលថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០១៨នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់នៅក្នុងសេចក្ដីណែនាំយ៉ាងដូច្នេះថា «យោងតាមការអង្កេតតាមដាន នៅព្យាករណ៍អាកាសធាតុ ដែលបានបង្ហាញដោយក្រសួងធនធានទឹក និងឧតុនិយម ឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាបមកលើព្រះរាជាណាចក្រកម្ពុជា មានភ្លៀងធ្លាក់ជាបន្ដបន្ទាប់ បានធ្វើឲ្យខេត្តមួយចំនួនកំពុងរងឥទិ្ធពលទឹកភ្លៀង ដូចជាខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ប្រឈមនឹងការជន់លិច។ ដោយឡែក តំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសឡាវ និងប្រទេសថៃ ក៏មានភ្លៀងធ្លាក់ច្រើនបង្កឲ្យទឹកទន្លេមេគង្គហក់ឡើងផងដែរ»។
តាមរយៈសេចក្ដីណែនាំនេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីរាជធានី-ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់បំផុត នឹងត្រូវមានការរៀបចំទុកជាមុន ដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប នៅពេលមានទឹកជំនន់កើនឡើង ត្រូវជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព បញ្ជៀសឲ្យខាងតែបាននូវការប៉ះពាល់អាយុជីវិត និងការខូចខាតផ្សេងៗ ដែលកើតមានឡើងដោយយថាហេតុ៕