(កណ្តាល)៖ លោក លឹម គានហោ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងស្រុកពញាឮ និងលោកស្រី នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានចុះទៅប្រគល់ផ្ទះជូនអតីតយុទ្ធជនកម្ពុជាចំនួន៤ខ្នង ក្នុងចំណោម១០ខ្នង ដែលកំពុងសាងសង់។
សូមបញ្ជាក់ថា ផ្ទះចំនួន១០ខ្នង ដែលជាអំណោយរបស់សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានធ្វើជូនបងប្អូនអតីតយុទ្ធជនកម្ពុជាស្រុកពញាឮ ខេត្តកណ្តាល ដោយជួយឧបត្ថម្ភចំនួន៤០០ដុល្លារ និងផ្តល់ឈើសម្រាប់សាងសង់ ប៉ុន្តែលោក លឹម គានហោ ក៏បានជួយបន្ថែមចំនួន៧៣១ដុល្លារទៀត ដោយសារការសាងសង់ផ្ទះទាំងមូលត្រូវចំណាយអស់សរុប១១៣១ដុល្លារ។
ផ្ទះចំនួន១០ខ្នងនេះ មាន៤ខ្នងត្រូវបានសាងសង់រួចរាល់ ហើយត្រូវបានលោក លឹម គានហោ ចុះទៅប្រគល់ជូនបងប្អូនអតីតយុទ្ធជនកម្ពុជា ខណៈ៤ខ្នងទៀតបានសាងសង់រួចរាល់៩០ភាគរយ និង២ខ្នងទៀត បានសាងសង់រួចប្រមាណ៣០ភាគរយ ហើយនឹងត្រូវប្រគល់ជូននៅពេលសង់រួច។
ជាមួយគ្នានេះ លោកក៏បានណែនាំឲ្យមន្រ្តី បន្តធ្វើការស្រាវជ្រាវស្វែងរកបងប្អូនអតីតយុទ្ធជនផ្សេងទៀត ដែលបានជួបការខ្វះខាតសម្រាប់ជីវភាពប្រចាំថ្ងៃ។
សម្រាប់បងប្អូនអតីតយុទ្ធជនកម្ពុជាស្រុកពញាឮ ខេត្តកណ្តាល បានប្រកាសពីការប្តេជ្ញាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី ដើម្បីរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍន៍កាន់តែរុងរឿង៕