(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃព្រហស្បត៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ព ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍ ការរៀបចំកងកម្លាំងអន្តរាគមន៍ រវាងគណៈប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ជាមួយគណៈប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។

ពិធីនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មួន សារ៉ន អគ្គស្នងការរង តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ដិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយមានការអញ្ជើញចូលរួម ពីសហការីអមដំណើរ ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ, រតនគិរី, មណ្ឌលគិរី, ស្ទឹងត្រែង, ក្រចេះ ព្រមទាំងកងកម្លាំងនគរបាល ជាច្រើនរូបទៀត។

ក្នុងពិធីខាងលើនេះ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអានរបាយការណ៍ ស្ដីពី ទំហំស្នាដៃដែលធ្វើបាន និងការបែងចែកកម្លាំង ត្រៀមទប់ស្កាត់សភាពការណ៍ កើតឡើងជាយថាហេតុ។

ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ មួន សារ៉ន ប្រធានគណៈអធិបតី បានធ្វើកោតសរសើរ និងលើកទឹកចិត្តដល់កម្លាំងរបស់ស្នងការដ្ឋាន ដែលមានសាម្គីភាពគ្នាល្អ រៀបចំកងកម្លាំងអន្តរាគមន៍យុទ្ធសាស្ត្រ និងវិធីសាស្ត្រផ្សេងៗ ជាច្រើន ក្នុងជំនាញនគរបាល ដើម្បីត្រៀមលក្ខណៈ សម្របសម្រួល រាល់សភាពការណ៍ និងបាតុភាពផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។

ការត្រៀម និងការរៀបចំកម្លាំងឧបករណ៍សម្ភារ និងលក្ខណៈបច្ចេកទេស បានត្រឹមត្រូវស្របតាមផែនការច្បាស់លាស់ របស់លោកឧត្តមសេនីយ៍ស្នងការ គឺជាកត្តាចំបងសម្រាប់ជំហ៊ានឆ្ពោះ ទៅកាន់ភាពជោគជ័យក្នុងភារកិច្ច ដោយរក្សាបានស្ថេរភាព សុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋ ពិសេសការរក្សាបាននូវបរិយាកាសល្អប្រសើរ នាពេលយុទ្ធនាការឃោសនា និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និតិកាលទី៦ ឆ្នាំ២០១៨ ខាងមុខ៕