(ភ្នំពេញ)៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យទេសចរណ៍ បានរៀបចំកម្មវិធីប្រកួតប្រជែង «យុវជនទេសចរណ៍ឆ្នើម ឆ្នាំ២០១៨» ក្រោមប្រធានបទ៖ «ការរៀបចំវត្តទេសចរណ៍គំរូ» វិញ្ញាសា «វត្តហរិរក្សរាជិនី (វត្តវាំងចាស់) ជាវត្តទេសចរណ៍គំរូ ស្ថិតនៅភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
កម្មវិធីប្រកួតប្រជែង បានឈានមកដល់វគ្គបញ្ចប់ដោយគណ:កម្មការបានធ្វើការវាយតម្លៃបច្ចេកទេសចុងក្រោយ (ពិន្ទុបច្ចេកទេស៨០%) លើលទ្ធផលការងារក្រុមឆ្នើមទាំង៥ក្រុម (Top 5) ដែលជាបេក្ខភាពដណ្តើមយកជ័យលាភីយុវជនទេសចរណ៍ឆ្នើមឆ្នាំ២០១៨។ ដើម្បីឲ្យសាធារណជនបានចូលរួមផ្តល់មតិយោបល់លើលទ្ធផលការងារនៃក្រុមឆ្នើមនីមួយៗ គណ:កម្មការបានធ្វើការបង្ហោះជាផ្លូវការនូវវីដេអូអំពីស្នាដៃនៃក្រុមទាំង៥ នៅលើគេហទំព័រផ្លូវការរបស់ក្រសួងទេសចរណ៍ (ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia) ដើម្បីឲ្យសាធារណជន និង fans ធ្វើការចុច Like បោះឆ្នោតជូនក្រុមដែលលោកអ្នកពេញចិត្តជាងគេ(ពិន្ទុ២០%)។
គណៈកម្មការនឹងធ្វើការបូកសរុបពិន្ទុរួម (ពិន្ទុបច្ចេកទេស និងពិន្ទុបោះឆ្នោតដោយមហាជន)ដោយផ្អែកលើចំនួន Like ដែលក្រុមនីមួយៗទទួលបានការគាំទ្រ គិតត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨។
សូមបញ្ជាក់ដែរថា កម្មវិធីប្រកួតប្រជែងនេះ បានធ្វើការប្រកាសផ្សព្វផ្សាយដល់ យុវជនដែលមានបំណងចូលរួមប្រកួត ចាប់តាំងពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ហើយបេក្ខជននៃក្រុមនីមួយៗបានឆ្លងកាត់ការត្រួតពិនិត្យ និងផ្តល់មតិយោបល់ពីគណ:កម្មការជាច្រើនលើក មុននឹងឈានមកដល់ការវាយតម្លៃដំណាក់កាលចុងក្រោយនាពេលនេះ។
បេក្ខជន-បេក្ខនារីដែលចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនេះ ជានិស្សិតមកពី៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច វិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញ សាកលវិទ្យាល័យន័រតុន សាកលវិទ្យាល័យលីមកុកវីង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាចូលរួមបោះឆ្នោតគាំទ្រ ដោយចុច Like លើវីដេអូរបស់ក្រុមប្រកួតប្រជែងនីមួយៗនៅលើគេហទំព័រផ្លូវការរបស់ក្រសួងទេសចរណ៍ ដើម្បីគាំទ្រក្រុមដែលលោកអ្នកពេញចិត្តជាងគេ៕