(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានសហការជាមួយសាកលវិទ្យាល័យ សិល្បៈ ខេត្តក្វាងស៊ី (Guangxi Arts University) រៀបចំការប្រគំតន្រ្តី ដើម្បីអបអរសាទរ ខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាង កម្ពុជា-ចិន ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូ មកពីសាកលវិទ្យាល័យ សិល្បៈ ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានដឹកនាំនិស្សិត ៣៥រូប មកធ្វើទស្សនកិច្ចសិក្សា និងសម្តែងរបាំ-ចម្រៀង ជូនដល់សិស្ស-និស្សិតប៊ែលធី ប្រមាណជាង ៨០០នាក់។
តន្រ្តីអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ខាងលើនេះ បានរៀបចំធ្វើឡើងក្រោមអធិបតីភាពលោក យក់ ង៉ុយ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា,លោក សោម សុគន្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចត្រសិល្បៈ, លោកបណិ្ឌត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោក CHEN Wei អគ្គាធិការរងនៃមន្ទីរអប់រំ ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។
បន្ទាប់ពីលោក រ៉េត ច័ន្ទធន សាកលវិទ្យាធិការរង និងជាប្រធានការិយាល័យសិក្សា និងស្រាវជ្រាវ សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ធ្វើមតិស្វាគមន៍ និងរបាយការណ៍សង្ខេបស្ដីពី ការរីកចម្រើនរបស់ប៊ែលធី គ្រុបរួចមក លោក CHEN Wei អគ្គាធិការរង នៃមន្ទីរអប់រំ ខេត្តក្វាងស៊ី បានបង្ហាញឲ្យដឹងថា លោកមានសេចក្តីសប្បាយរីករាយណាស់ ដែលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានអនុញ្ញាតឲ្យនិស្សិតសាកលវិទ្យាល័យ សិល្បៈ ខេត្តក្វាងស៊ី មានឱកាសបានមកធ្វើទស្សនកិច្ចសិក្សា និងសម្តែងរបាំ-ចម្រៀង ដែលជាប្រពៃណី វប្បធម៌ របស់ប្រជាជនចិន ជូនដល់សិស្ស-និស្សិតប៊ែលធីនាពេលនេះ ក្នុងគោលបំណង រឹតចំណងមិត្តភាព កម្ពុជា-ចិន ក៏ដូចជាទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ សិល្បៈ ខេត្តក្វាងស៊ី ឲ្យកាន់តែល្អប្រសើរ។
ក្នុងឱកាសនេះដែរ លោកបណ្ឌិត លី ឆេង បានថ្លែងថា កម្ពុជា និងចិន បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី១៩ កក្កដា ១៩៥៨ បន្ទាប់ពីជំនួបទ្វេភាគីលើកទី១ រវាងព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងលោក ជូ អេន ឡាយ អតីតនាយករដ្ឋមន្ត្រីចិន ក្នុងអំឡុងពេលចូលរួមសន្និសីទ ទីក្រុងបានឌុង នៅខែមេសា ១៩៥៥ នៅប្រទេសឥណ្ឌូនេស៊ី និងការបំពេញទស្សនកិច្ចទៅវិញទៅមក រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរ ក្នុងអំឡុងឆ្នាំ១៩៥៦ រហូតក្លាយទៅជាកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មកដល់ពេលបច្ចុប្បន្ន។ ដើម្បីចូលរួមអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាង កម្ពុជា-ចិន សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានសហការជាមួយ សាកលវិទ្យាល័យ សិល្បៈ ខេត្តក្វាងស៊ី រៀបចំការប្រគំតន្រ្តី សិល្បៈ វប្បធម៌ ដែលមានការចូលរួមសម្តែង ដោយនិស្សិតនៃសាកលវិទ្យាល័យទាំងពីរ។
លោកបណ្ឌិត បានបន្ថែមទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងយុទ្ធសាស្ត្រ ឈ្នះ-ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាពពេញលេញ ប្រកបដោយស្ថេរភាពនយោបាយ សេដ្ឋកិច្ចមានការរីកដុះដាល និងមានការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ ជាពិសេស គឺបន្តរក្សាចំណងមិត្តភាព កម្ពុជា-ចិន រវាងរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាល ក៏ដូចជា រវាងប្រជាជាតិ និងប្រជាជាតិ ឱ្យបានកាន់តែល្អប្រសើរ និងស្និតស្នាលបន្ថែមទៀត៕