(ភ្នំពេញ)៖ IG TECH ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន IDEALINK Consulting បានប្រកាសចាប់ដៃគូជាមួយ RightsLedger ក្នុងការផ្ដល់នូវដំណោះស្រាយ សម្រាប់ស្នាដៃសិល្បៈក្នុងទម្រង់ឌីជីថល ដោយប្រើបច្ចេកវិទ្យា Blockchain ដែលនឹងជួយដល់អ្នកមានទេពកោសល្យ ឬអ្នកបង្កើតស្នាដៃសិល្បៈមិនចម្លង អាចរកចំណូល បង្កើនការទទួលស្គាល់ ការការពារស្នាដៃរបស់ខ្លួន និងចែកចាយស្នាដៃទាំងនោះ ទៅអតិថិជនគោលដៅបានយ៉ាងត្រឹមត្រូវ ។
តាមរយៈការចាប់ដៃគូរបស់ក្រុមហ៊ុនទាំងពីរនេះ នឹងផ្ដល់នូវដំណោះស្រាយសម្រាប់ស្នាដៃសិល្បៈក្នុងទម្រង់ឌីជីថល ដោយប្រើបច្ចេកវិទ្យា Blockchain នៅកម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម ហើយក្រុមហ៊ុន នឹងបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអភិវឌ្ឍកម្មវិធីទំនើបកម្មច្នៃប្រឌិត សម្រាប់ជាច្រកចែកចាយបង្ហាញស្នាដៃក្នុងបែបឌីជីថល ដែលរួមមានភាពយន្ដ តន្ដ្រី ចម្រៀង អត្ថបទរឿង និងស្នាដៃសិល្បៈជាច្រើនផ្សេងទៀត ។
លោក គឹម ពុធគីរី ប្រធានក្រុមប្រឹក្សាភិបាល និងជាងអគ្គនាយកក្រុមហ៊ុន IG TECH បានបញ្ជាក់ថា បន្ដថា «ដូចយើងបានឃើញហើយថា សព្វថ្ងៃនេះ ការបង្កើតស្នាដៃសិល្បៈ លក្ខណៈបុគ្គល បាននឹងកំពុងប្រឈម នឹងការលំបាកក្នុងការបោះផ្សាយស្នាដៃរបស់ខ្លួន និងទទួលបានចំណូលពីស្នាដៃទាំងនោះ ។ហេតុនេះហើយ ជាមួយនឹងដំណោះស្រាយសម្រាប់ស្នាដៃសិល្បៈ ក្នុងទំរង់ឌីជីថល ដោយប្រើប្រាស់បច្ចេកវិទ្យា Blockchain របស់ក្រុមហ៊ុន RightsLedger យើងសង្ឃឹមថា នឹងអាចជួយឲ្យអ្នកផលិតស្នាដៃសិល្បៈជាលក្ខណៈបុគ្គលពីគ្រប់មជ្ឈដ្ឋាន ទទួលបាននូវទម្រង់ចែកចាយផ្សព្វផ្សាយស្នាដៃសិល្បៈ ត្រូវបានគេការពារ និងបង្កើតចំណូលដល់ម្ចាស់ស្នាដៃ ដោយគ្មានអ្នកណាអាចម្លង តាមរយៈFacebook និងYoutube ជាដើម ដែលយើងបានបង្ហោះនោះទេ» ។
លោកបន្ដថា «គោលដៅចំបងនេះកម្មវីធីនេះ គឺដើម្បីផ្ដល់ឱកាសដល់កូនខ្មែរយើង ដែលមានទេពកោសល្យ ដែលល្អប្លែក ត្រូវបានទទួលបានស្គាល់ និងការពារ និងគេឲ្យតម្លៃ យ៉ាងទូលំទូលាយ លើឆាកជាតិ និងអន្ដរជាតិ តាមរយៈបច្ចេកវិទ្យាអនឡាញនេះ ។លើសពីនោះ អ្វីដែលពិសេសនោះ ដែលយើងនឹងបង្ហាញ ដល់កម្ពុជាយើងនោះ គឺក្រុមហ៊ុន យើងបាននាំយកបច្ចេកវិទ្យាទំនើបពីអាមេរិក មកដល់កូនខ្មែរ ដែលយើងនឹងប្រកាសជាសាធារណៈក្នុងពេលឆាប់ៗខាងមុខនេះ» ។
ទន្ទឹមនឹងនោះ ស្ថានិក និងជាអគ្គនាយក្រុមហ៊ុន RightsLedger លោក Ray Young បានថ្លែងថា នេះជាបច្ចេកវិទ្យាថ្មីមួយដំបូងគេបង្អស់ នូវលទ្ធភាពឲ្យវិស័យសិល្បៈ និងកំសាន្ដ ទាំងមូលអាចដំណើរការទៅបាន ក្នុងទម្រង់ឌីជីថល ។សម្រាប់ការចាប់ដៃជាមួយក្រុមហ៊ុន IG TECH នឹងជួយពង្រីកទីផ្សាររបស់យើង និងបង្កើតបាននូវអត្ថប្រយោជន៍ជាច្រើនដល់វិស័យបង្កើតស្នាដៃសិល្បៈក្នុងសកលលោក» ៕