គិតត្រឹមរសៀលនេះ ទឹកបានស្រកចេញពីផ្លូវជាតិលេខ៤ ស្រុកកំពង់សីលាអស់ហើយ ប៉ុន្ដែរថយន្ដធុនធំ មិនទាន់ឲ្យឆ្លងកាត់នៅឡើយទេ អនុញ្ញាតតែរថយន្ដតូចប៉ុណ្ណោះ!
19-07-2018 16:03
(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា គិតត្រឹមម៉ោង០៣៖៣០នាទីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកជំនន់ដែលហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង (គម១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់ទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកអស់ជាស្ថាពរហើយ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ បើទោះបីជាស្ថានភាពទឹកបានស្រកអស់យ៉ាងណាក្ដី ក៏ប៉ុន្ដែការធ្វើចរាចរណ៍សម្រាប់រថយន្ដធុនធំត្រូវបានផ្អាកដដែល ពោលអនុញ្ញាតឲ្យតែរថយន្ដតូចៗធ្វើចរាចរណ៍ប៉ុណ្ណោះ។
សូមជម្រាបថា នៅព្រឹកមិញនេះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ បានចុះពិនិត្យផ្ទាល់ស្ថានភាពទឹកលិច ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង (គម១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់ទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ៕