(កំពង់ធំ)៖ លោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្ដកំពង់ធំ បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបការកាប់បំផ្លាញព្រៃឈើខុសច្បាប់ នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ក្នុងភូមិសាស្ដ្រភូមិត្រពាំងឫស្សី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនៅយប់មិញនេះ ដឹកនាំដោយលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ និងលោក លី ស្រេង នាយកតំបន់ ព្រមទាំងមានការសហការពីកម្លាំង ក២ ជើងគោកជំនួយការមណ្ឌល៤ ចុះប្រតិបត្តិនៅចំណុចលូតាសាយ មានលេខUTM544546, 1407976។
ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចចម្រុះដកហូតបាន ឈើមូលចំនួន៤៦ដុំ មានមុខកាត់៤០ គុណ៤ម៉ែត្រ ២ដុំ, ៣០ គុណ៣ម៉ែត្រ ៣ដុំ, ២០ គុណ៤ម៉ែត្រ ១៧ដុំ, ១៥ គុណ៤ម៉ែត្រ ១១ដុំ និង១០ គុណ៤ម៉ែត្រ ១៣ដុំ ហើយត្រូវបានយកទៅរក្សាទុកនៅស្នាក់ការអូតាព្រហ្ម។
បើតាម លោក អ៊ិត សុធា ព្រះរាជ្ញអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាក់ថា យប់មិញនេះក្រោយពីជនសង្ស័យ ដឹងថាកម្លាំងចុះទៅបង្ក្រាប បានកាត់ទម្លាក់ឈើពីគោយន្ត រួចបើករត់គេចខ្លួនបាត់អស់ ដូច្នេះមិនអាចចាប់ជនល្មើសណាម្នាក់នោះទេ៕