(ក្រចេះ)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងដោយរថយន្ដសាំយ៉ុង ដឹកឈើមួយគ្រឿង បើកលឿនបែកកង់ក្រោយ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង ហើយអ្នកបើកបរ និងអ្នករួមដំណើររងរបួសជាទម្ងន់។ ហេតុការណ៍នេះ នៅល្ងាចថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ នៅលើផ្លូវជាតិលេខ​៧ ចំ​ណុចថ្មបាំង ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។

មន្ដ្រីនគរបាលចរាចរណ៍ បានឲ្យដឹងថា រថយន្តដឹកឈើមួយគ្រឿងនោះ បើកក្នុងល្បឿនយ៉ាងលឿន ហើយបែកកង់ក្រោយខាងស្ដាំ ក្រឡាប់ធ្លាក់ពីលើផ្លូវ បណ្ដាលឲ្យមនុស្ស​២នាក់រងរបួសជាទម្ងន់​។​ ជនរងគ្រោះទី១៖ ឈ្មោះ ជា ជាតិ ​អាយុ​៣៩ឆ្នាំ មានទីលំនៅ ភូមិទី ២ឃុំស្រែអង្គ្រង ត្រកួនមុំ ខេត្តរតនគីរី (រងរបួសធ្ងន់) ជាអ្នកបើកបររថយន្ថ។​ ទី២៖ឈ្មោះ ម៉ៅ ស្រី ភេទស្រី អាយុ​២៨​ឆ្នាំ ត្រូវជាប្រពន្ធអ្នកបើកបររថយន្ត អ្នកទាំងពីររងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះ នៅមន្ទីពេទ្យបង្អែកខេត្តក្រចេះ ចំណែករថយន្ដ​ត្រូវកម្លាំងនគរបាលយកទៅរក្សា​ទុកនៅអធិការដ្ឋាននគរបាល ស្រុកចិត្របុរី។

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងនៅខេត្តក្រចេះ​ច្រើនករណី ដែលភាគច្រើនបណ្ដាលមកពីរថយន្ដសាំងដឹកឈើ ដោយពួកគេបើកបរក្នុងល្បឿនយ៉ាងលឿន ហើយរ៉េបិទគ្នាទៅវិញទៅមកបណ្ដាលគ្រោះថ្នាក់កើតឡើងជាញឹកញប់។

ជាក់ស្ដែងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ប៉ុន្មានថ្ងៃមុននេះ រថយន្ដសាំងដឹកឈើជាច្រើនគ្រឿង បើកបិទគ្នាទៅវិញទៅមកដល់ចំណុចភូមិរការកណ្ដាល សង្កាត់រការកណ្ដាល ក្រុងចេះ ស្រាប់តែបុកម៉ូតូមួយគ្រឿង ក្នុងទិសទៅបញ្ច្រាសទិសគ្នាបណ្ដាលអ្នកជិះម៉ូតូស្លាប់យ៉ាងអណោចអធ័ម៕​