(សៀមរាប)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា តំណាងរាស្ដ្រមណ្ឌលសៀមរាប និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តសៀមរាប នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានបន្ដជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន២,៦២០នាក់ នៅស្រុកពួក។
ថ្លែងក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានធ្វើការផ្តាំផ្ញើដល់សមាជិកបក្សទាំងអស់ ត្រូវត្រៀមលក្ខណៈនូវរាល់ឯកសារ ពាក់ព័ន្ធការបោះឆ្នោត សំខាន់រក្សាកុំឲ្យបាត់បង់នូវ អត្តសញ្ញាណប័ណ្ណ សំគាល់ខ្លួន និងសូមឲ្យអ្នកដែលមានសមាជិកក្រុមគ្រួសារ ធ្វើចំណាកស្រុកទៅធ្វើពលករនៅក្រៅស្រុក ឲ្យមកចូលរួមបោះឆ្នោតនៅថ្ងៃខាងមុខផងដែរ។
បើតាមសម្ដេច ទៀ បាញ់ សមាជិកបក្សទាំងអស់ត្រូវតែស្មោះស្ម័គ្រគាំទ្រគណបក្សរបស់ខ្លួន និងចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ កក្កដា ខាងមុខនេះ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានលំដាប់លេខរៀងទី២០ យើងនឹងទទួលបានការការពារសន្តិភាព និងការអភិវឌ្ឍមូលដ្ឋានខ្លួន លើគ្រប់វិស័យបន្តទៀតផង។
នៅចំពោះមុខសមាជិក សមាជិកាបក្សប្រជាជនស្រុកពួក ចំនួន២,៦២០នាក់ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានបង្ហាញបេក្ខភាព ជាបេក្ខជនជាតំណាងរាស្ត្រ អាណត្តិទី៦ ទាំងពេញសិទ្ធិ និងត្រៀមបម្រុង សូមឲ្យសមាជិក សមាជិកាគណបក្ស ប្រជាជនទាំងអស់ត្រូវនាំគ្នាទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានបេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នីតិកាលទី៦ និងអាណត្តិក្រោយបន្តបន្ទាប់ទៀត។
បន្ថែមពីនេះ សម្តេច ទៀ បាញ់ ក៏បានលើកពីសភាពការណ៍នយោបាយក្នុង និងក្រៅប្រទេស ព្រមទាំងកុំឲ្យជឿនូវការឃោសនាអកុសល ការញុះញុង របស់ក្រុមជនអគតិមួយចំនួន ដែលមានគោលបំណងចង់បំផ្លាញ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងសន្តិភាពនៅកម្ពុជា តាមរយៈការឃោសនាមិនឲ្យប្រជាពលរដ្ឋ ទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែ កក្កដាខាងមុខនេះ៕