(ភ្នំពេញ)៖ ដើម្បីចូលរួមលើកស្ទួយដល់និស្សិតកម្ពុជាក្រីក្រ ឲ្យបានបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ លោក Dato Sri Dr. Peter Ong ជាប្រធានអន្តរជាតិ នៃក្រុម Prince Suncity Group ជាអ្នកវិនិយោគិនមកពីប្រទេសម៉ាឡេស៊ី បានផ្តល់នូវថវិកាចំនួន១០ម៉ឺនដុល្លារ សាកលវិទ្យាល័យកម្ពុជា ដើម្បីផ្តល់អាហារូបករណ៍ដល់និស្សិតក្រីក្រនៅកម្ពុជា ប្រមាណ២០នាក់ អាចបន្តការសិក្សារហូតបញ្ចប់ថ្នាក់បរិញ្ញាបត្រ រយៈពេល៤ឆ្នាំនៅសាកលវិទ្យាល័យកម្ពុជា (UC)។
ជាក់ស្តែងពិធីទទួលថវិកា និងចុះហត្ថលេខាទទួលថវិកានេះ បានធ្វើឡើងនាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យកម្ពុជា UC ក្រោមវត្តមានលោក កៅ គឹមហួន ជាស្ថាបនិកសាកលវិទ្យាល័យកម្ពុជា UC និងថ្នាក់ដឹកនាំសាកលវិទ្យាល័យ និងភាគីពាក់ព័ន្ធយ៉ាងច្រើនកុះករផងដែរ។
លោក កៅ គឹមហួន បានលើកឡើងថា នេះជាលើកទី០៣ ដែលលោក Dato Sri Dr. Peter Ong និងក្រុមការងារ បានមកដល់ប្រទេសកម្ពុជា និងបានចូលរួមធ្វើសកម្មភាពមនុស្សធម៌ របស់ខ្លួនមួយចំនួននៅកម្ពុជាដូចជា៖ វិស័យសង្គមកិច្ច វិស័យអប់រំ និងវីស័យផ្សេងទៀត ដែលពួកគេអាចធ្វើបាន ផងដែរ។
ជាមួយគ្នានេះលោក Dato Sri Dr. Peter Ong រួមជាមួយក្រុមការងារ បានចែករំលែកនូវបទពិសោធន៍ល្អៗមួយំនួន និងបានផ្តល់នូវវិភាគទាន ក្នុងការកៀគរនូវថវិកាជូនដល់និស្សិតកម្ពុជា និងពង្រីកឱកាសដើម្បីទទួលបាន នូវអាហារូបករណ៍ ដល់និស្សិតជំនាន់ក្រោយ ដើម្បីបញ្ចប់ថ្នាក់មហាវិទ្យាល័យផងដែរ។ កន្លងមកលោក Dato Sri Dr. Peter Ong បានមកសិក្សាពីកម្ពុជា ពីឱកាសនៃការវិនិយោគ ក្រោមទិសដៅដ៏ឈ្លាសវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលតែងតែបើកចំហរនូវការកៀគរអ្នកវិនិយោគអន្តរជាតិ មិនថាមកពីប្រទេសណានោះទេ។
លោក កៅ គឹមហួន បានបញ្ជាក់ថា សកម្មភាពទាំងនេះ គឺស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកវិស័យអប់រំ ជាវិស័យអាទិភាពទី៤ ដើម្បីអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាផងដែរ៕