(ព្រៃវែង)៖ ក្នុងពេលចុះទៅឃោសនាបោះឆ្នោត២លើកនាព្រឹកថ្ងៃទី១៨ និងព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅតាមភូមិទាំង១៨ ក្នុងឃុំធាយ លោក ព្រុំ សុខា ប្រធានក្រុមការងារ​ចុះជួយ​ស្រុកបាភ្នំ បាន​ជម្រាប​ជូនប្រជាពលរដ្ឋដែលបានចូលរួម ពេលនោះប្រមាណចំនួន ១.៦០០នាក់​ ពីសារសំខាន់នៃការ​ចូលរួមបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ​ ដែលជា​ការ​​ធានា​​ឱ្យសិទ្ធិ សេរីភាព​​របស់បងប្អូនប្រជាពលរដ្ឋយើង ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញត្រូវបានគោរព និងអនុវត្ត​ត្រឹមត្រូវ ពេញ​លេញ​​ស្រប​តាម​គោលការណ៍គ្រឹះ នៃលទ្ធិប្រជាធិបតេយ្យ។

ហេតុនេះការអំពាវនាវ​ប្រជាពលរដ្ឋ​គ្រប់រូប​ដែល​មាន​សិទ្ធិ​បោះឆ្នោត ឱ្យស្ម័គ្រចិត្តទៅចូលរួមបោះឆ្នោត គឺមិនមែនជាការគំរាមកំហែង ការបំភិត​បំភ័យ​​បងប្អូន​ដូចការមូលបង្កាច់បង្ខូច របស់ក្រុមប្រឆាំងខុសច្បាប់នោះឡើយ។

ផ្ទុយទៅវិញការញុះញង់ បោកបញ្ឆោត បន្លាចតាម​គ្រប់រូបភាពរបស់ពួកគេ ក្នុងពេលបច្ចុប្បន្នដែលកំពុងបំពុលបរិយាកាស សេរី ត្រឹមត្រូវ យុត្តិធម៌​នៃ​ការបោះឆ្នោត សំដៅប៉ុនប៉ងធ្វើឱ្យប្រជាពលរដ្ឋរារែក អល់អែក​ក្នុងការ​សម្រេច​ចិត្តទៅ​ចូលរួម​បោះឆ្នោតតាមរយៈ​សង្គ្រាមចិត្តសាស្ត្រសព្វបែបយ៉ាង​ដូចជាថា៖ «ទៅឬមិនទៅ ភ័យឬមិនភ័យ» បន្ថែមលើ​ល្បិចកលនានា​ដែល​ក្រុមប្រឆាំងខុសច្បាប់នេះ បានធ្វើកន្លងទៅតាមរយៈរបស់ដែលហៅថា «ដេកផ្ទះឈ្នះឯង ដេកផ្ទះឈ្នះស្អាត» ឬយុទ្ធនាការ«ម្រាមដៃស្អាត»​ ជាដើមនោះវិញទេ ដែលជាការរារាំង​ប្រជាពលរដ្ឋមិន​ឱ្យទៅ​ចូលរួម​បោះឆ្នោត​ហើយនោះ គឺជាការ​បំផ្លាញ​ការបោះឆ្នោត បំផ្លាញ​លទ្ធិប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។

ទោះជា​យ៉ាង​នេះក្តី ដោយ​បាន​​យល់​ច្បាស់​ពីទឹកចិត្តរបស់ប្រជាជនទូទៅ នៅតាមមូលដ្ឋានភូមិឃុំ លោក ព្រុំ សុខា មានជំនឿ​យ៉ាងរឹងមាំ​ប្រកបដោយ​សុទិដ្ឋិនិយម​​ថា​ ទាំងបងប្អូនប្រជាពលរដ្ឋនៅក្នុង​ស្រុកបាភ្នំ ក៏ដូចជា​ប្រជាពលរដ្ឋ​​នៅ​ទូទាំង​ប្រទេស​ដែលធ្លាប់​បាន​គោរពប្រតិបត្តិយ៉ាង​ខ្ជាប់ខ្ជួន នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ​​តាមរយៈ​ការបោះឆ្នោត ប្រាកដ​ជានៅតែប្តេជ្ញា​នឹងទៅ​ចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ ​នៅថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដូចកាលពេល​បោះឆ្នោត​ទាំង ៨លើកពីមុនកន្លងមកជាក់ជាមិនខាន។

ប្រជាជនភាគ​ច្រើនលើសលប់​ នៅតែ​គាំទ្រ​យ៉ាងមុតមាំ និងបន្ត​បោះឆ្នោតដើម្បី​ឱ្យគណបក្សប្រជាជនកម្ពុជា​ទទួល​បានជ័យជំនះ ដើម្បី​សម្តេច​តេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសជាតិ​ឱ្យមានសុខ​សន្តិភាព​ ស្ថេរភាព និងអភិវឌ្ឍលើគ្រប់វិស័យ​យ៉ាងរឹងមាំ​តទៅទៀតលើផ្លូវនៃលទ្ធិ​ប្រជា​ធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋដូចបច្ចុប្បន្ន សម្រាប់​អនាគត​រុងរឿង​ត្រចះ​ត្រចង់របស់មាតុភូមិ និងប្រជាជនយើងគ្រប់រូប​សម្រាប់​ជំនាន់នេះ និងជំនាន់​ក្រោយទៅមុខទៀត៕