(ភ្នំពេញ)៖ ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ASA, Plc. បាននិងកំពុងរៀបចំនីតិវិធី និងលក្ខខណ្ឌតម្រូវ តាមបទប្បញ្ញត្តិជាធរមាន ក្នុងការស្នើសុំការអនុញ្ញាតពីគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) ដើម្បីចុះបញ្ជីដំណើរការលក់មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) របស់ខ្លួនជាសាធារណៈនៅ CSX។
ក្រុមហ៊ុន ASA, Plc. រំពឹងថាដំណើរការរៀបចំចុះបញ្ជីនៅ CSX អាចនឹងបញ្ចប់នាពេលដ៏ខ្លីខាងមុខនេះ។ នេះបើយោងតាមលោក សួស ឧសភា សមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ASA., Plc. បានបញ្ជាក់មកអង្គភាពសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ។
លោក សួស ឧសភា ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុន ASA., Plc. បានបង្កើតឡើងតាំងពីឆ្នាំ២០០០ ដើម្បីកាន់កាប់ភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ចំនួន២៥ភាគរយ ។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនមានភាគហ៊ុនិកជាង ១ម៉ឺននាក់ ដែលភាគច្រើនគឺជាកម្មករនិយោជិតរបស់ធនាគារ អេស៊ីលីដា។
បើតាមសមាជិកក្រុមប្រឹក្សាភិបាលរូបនេះ បន្ទាប់ពីការចុះបញ្ជីរួចរាល់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ASA, Plc. នឹងអាចធ្វើការជួញដូរជាសាធារណៈនៅ CSX។ តាមរយៈការទិញភាគហ៊ុនរបស់ក្រុមហ៊ុន ASA, Plc. សាធារណជនមានឱកាសចូលរួមក្នុងការវិនិយោគ ព្រមទាំងទទួលបាននូវអត្ថប្រយោជន៍ពីការវិនិយោគនេះពីក្រុមហ៊ុន ASA, Plc. ដោយផ្អែកលើការរីកចម្រើនរបស់ធនាគារ អេស៊ីលីដា ដែលកំពុងបន្តអភិវឌ្ឍន៍យ៉ាងរឹងមាំក្នុងវិស័យធនាគារនៅកម្ពុជា ស្របជាមួយនឹងកំណើនសេដ្ឋកិច្ចជាតិប្រកបដោយស្ថិរភាព៕