(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង ប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានបន្ដចុះពន្យល់នូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងណែនាំពីរបៀបគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា នៅផ្សារឈូកមាស ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះ លោក ម៉ម ប៊ុនហេង ក៏បានអំពាវដល់ប្រជាពលរដ្ឋ សូមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ស្ថិតនៅលេខរៀងទី២០ នៅលើសន្លឹកឆ្នោត ដើម្បីទទួលបានសុខសន្ដិភាព និងការអភិវឌ្ឍន៍ ក្នុងនោះបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីបន្ដការកែលំអរ និងលើស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ ពិសេសការទាញយកវិនិយោគទុនពីក្រៅប្រទេសមកកម្ពុជា ដើម្បីបង្កើតឱកាសការងារជូនបងប្អូនប្រជាជនយើងទូទាំងប្រទេស។
ប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ បានថ្លែងប្រាប់សមាជិកបក្ស និងប្រជាពលរដ្ឋ ដែលជាអាជីវករផ្សារឈូកមាសថា បើសិនគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត ក្នុងអាណត្ដិទី៦នេះ រាជរដ្ឋាភិបាល នឹងបន្ដខិតខំអភិវឌ្ឍន៍តាមមូលដ្ឋាន ភូមិ ឃុំ សង្កាត់កាន់តែប្រសើរថែមទៀត មានទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវស្ពាន ផ្លូវដែក ផ្លូវទឹក សាលា មន្ទីរពេទ្យ ប្រព័ន្ធទឹក ភ្លើង និងសមិទ្ធផលនានាជាច្រើនទៀត ដែលបម្រើឲ្យផលប្រយោជន៍ ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សម្រាប់លោកជាក្រុមការងារ នឹងអភិវឌ្ឍន៍ទីតាំងសង្កាត់សែនសុខ កាន់តែសម្បូរបែប និងការរីកចម្រើនបន្ថែមទៀត ៕