(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ និងលោកស្រី ញ៉ឹក ស៊ីម ថោងខុន បានអញ្ជើញសម្ពោធពុទ្ធិសមិទ្ធផលមួយចំនួនក្នុងវត្តត្នោតជុំ ដែលជាវត្តចំណាស់មួយស្ថិតក្នុងភូមិត្នោតជុំទី១ ឃុំត្នោតជុំ។ នៅភូមិសាស្ត្រនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ធ្លាប់បន្សល់នូវស្នាដៃជាច្រើនជូនប្រជាពលរដ្ឋផងដែរ។

ពិធីសម្ពោធពុទ្ធិសមិទ្ធផលទាំងនេះ គឺធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ដែលមានការនិមន្តចូលរួមពីព្រះចរិយា លឹម វុទ្ធី ព្រះអនុគណស្រុកបារាយណ៍ លោក ជា អឿង តំណាងរាស្ត្រមណ្ឌលកំពង់ធំ លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងទេសចរណ៍ ព្រះសង្ឃ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនអង្គ/នាក់។

លោកថោង ខុន បានគូសបញ្ជាក់ថា កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានកសាងនូវសមិទ្ធផលដ៏ច្រើនសន្ធឹកសន្ធាប់ទាំងក្នុងអាណាចក្រ និងពុទ្ធចក្រ ជាមួយនឹងការអនុវត្តនូវគោលការណ៍ប្រជាធិបតេយ្យ។

លោកបានរំឭកពីស្នាដៃ​កសាងសមិទ្ធផលមួយចំនួនរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅក្នុងស្រុកបារាយណ៍ ពិសេសក្នុងឃុំត្នោតជុំនេះ ថែមទាំងបាននិងកំពុងបន្តយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ពន្ធ រូបវ៏ន្តផ្សេងៗទៀត សំរាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ ក្រោមគ្រិះដ៏រឹងមាំនៃសន្តិភាព និងការអនុវត្តន៏ខ្ជាប់ខ្ជួននូវលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

លោកបានបន្តថា វិស័យពុទ្ធចក្ររុងរឿងទៅបានដោយសារវិស័យអាណាចក្រ អាណាចក្ររុងរឿងទៅបានដោយសារសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍ និងមានប្រជាធិបតេយ្យ។

ជាមួយគ្នានោះ លោក ថោង ខុន ក៏បានអំពាវនាវប្រាប់ប្រជាពលរដ្ឋត្រូវត្រៀមខ្លួននិងឯកសារអោយបានគ្រប់គ្រាន់ឲ្យក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ហើយសូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បី សន្តិភាព និងលិទ្ធិប្រជាធិបតេយ្យ៕