(កំពង់ស្ពឺ)៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថខេត្ត បានត្រៀមអន្តរាគមន៍ជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ហើយបានដឹកទឹកបរិសុទ្ធចែកជូនប្រជាពលរដ្ឋនៅស្រុកភ្នំស្រួច ដែលកំពុងរងគ្រោះដោយសារគ្រោះធម្មជាតិមួយនេះ។
នៅក្នុងប្រត្តិបត្តិការដឹកជញ្ជូនទឹកបរិសុទ្ធនេះ ដឹកនាំដោយផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។
សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងបានធ្វើឲ្យលិចលង់ភូមិចំនួន២៦ ក្នុងឃុំចំនួន៨ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយប្រជាពលរដ្ឋចំនួន២៣០គ្រួសារស្មើនឹង៦៨៩នាក់ (ស្រី៣១៦នាក់) ត្រូវបានជម្លៀសចេញ ទៅរកទីទួលមានសុវត្ថិភាព។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានបញ្ជាក់ថា គ្រោះធម្មជាតិមួយនេះក៏បានធ្វើឲ្យប៉ះពាល់ និងខូចខាតផ្លូវក្រាលកៅស៊ូពីរជាន់បណ្តោយ៣៥០ម៉ែត្រ, លិចលង់ស្រូវ១១៥៧ហិកតា, ដំណាំស្វាយ២៣២ហិកតា , បាក់ទំនប់០២កន្លែង និងបាត់គោ០៧ក្បាល។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានណែនាំឲ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ត្រូវត្រៀមលក្ខណៈជាប្រចាំ ដើម្បីជួយអន្តរាគមន៍ នៅពេលប្រជាពលរដ្ឋមានបញ្ហាដោយសារគ្រោះធម្មជាតិមួយនេះ។
បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ជាប្រចាំ ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ និងសូមអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ខ្ពស់ចំពោះជនងាយរងគ្រោះ និងកុមារតូចៗ និងពិនិត្យតាមដានសភាពការណ៍កម្រិតទឹក នៅតាមភូមិសាស្ដ្រខាងលើឲ្យបានខ្ជាប់ខ្ជួន៕